ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងនៅរសៀលថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង១៦និង៤៣នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ យន់ ឆក ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់) ២-ឈ្មោះ ជា សុភ័ក្ត្រ ហៅ ម៉ៅ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់) ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា (ICE) ចំនួន ០៩ថង់កិប ទម្ងន់ ២,៤២ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ១៧គ្រាប់ ទម្ងន់ ២,៦១ក្រាម, ទូរស័ព្ទ ចំនួន ០១គ្រឿង រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនឈានដល់ការបង្រា្កបករណីខាងលើ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត លុះដល់ចំណុចខាងលេី ក៏ប្រទះឃើញក្រុមមុខសញ្ញាជួញដូរគ្រឿងញៀន កំពុងនៅផ្ដុំគ្នា ភ្លាមនោះកម្លាំងបានចុះធ្វើការត្រួតពិនិត្យ ហើយក្រុមជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែកម្លាំងបានធ្វើការចាប់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ដូរផងជួញដូរផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ វណ្ណា