ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯងជ្រុលទៅបុកជាមួយរថយន្តដែលកំពុងបើកបរបញ្ច្រាសទិសចំពីមុខយ៉ាងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនឹងសមត្ថកិច្ច។
ហេតុការណ៍ម៉ូតូបុកជាមួយរថយន្តបណ្តាលឱ្យក្មេងស្រីអាយុ១៥ឆ្នាំស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង៥៥នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខលេខ៤៤ ចន្លោះបង្គោល គីឡូម៉ែត្រលេខ៨១-ទៅលេខ៨២ ត្រង់ចំណុចភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកថ្ពងបានឱ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1J-1055 អ្នកបើកបរឈ្មោះ រិត ស្រីអូន ភេទស្រី អាយុ ១៥ ឆ្នាំ មិនពាក់មួកសុវត្ថិភាពបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រស់នៅភូមិកើតហេតុខាងលើ បានបើកបរម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងទិសដៅ ពីទិសកើតទៅទិសខាង លិច។ លុះទៅដល់ចំណុចកើតហេតុខាងលើ បានឆ្លងចំណែកទ្រូងផ្លូវ ក៏ជ្រុលទៅបុកពីមុខរថយន្ត ១គ្រឿងម៉ាកសាំងយ៉ុង( SSANG YONG ISTANA) ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង 2C-1097 អ្នកបើកបរឈ្មោះ ម៉ុន ម៉ៅ ភេទប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ រិត ស្រីអូន ស្លាប់នៅកន្លែងកើតហេតុតែម្តង។
នគរបាលស្រុកថ្ពងបានបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះវត្ថុតាង០២គ្រឿង ម៉ូតូនិងរថយន្ត ខាងលើ នគរបាលបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។
ចំណែកអ្នកបើករថយន្ត ឈ្មោះ ម៉ុន ម៉ៅ ត្រូវនគរបាលជំនាញបានយកមកសួរនាំនៅ អធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា