ខេត្តស្ទឹងត្រែង ៖ ទូកម៉ាស៊ីន១គ្រឿង រួមទាំងឧបករណ៍នេសាទល្មើសច្បាប់ ជាច្រើនប្រភេទ ត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សប្រចាំតំបន់រាមសារ និងប្រជាសហគមន៍នេសាទ បង្ក្រាបបាន និងរឹបអូស ពីជនខិលខូច ដែលលបលួចប្រព្រឹត្តបទល្មើសនេសាទទាំងថ្ងៃទាំងយប់ បើទោះបីរដូវនេះជារដូវបិទការនេសាទត្រីក៏ដោយ។
ក្នុងរយៈពេល៣ថ្ងៃមកនេះ (៥-៧ឧសភា២០២៤)ក្រុមអភិរក្សត្រីមេពូជ សហការជាមួយក្រុមមន្ត្រីឧទ្យានុរក្សប្រចាំតំបន់រាមសារ ប្រជាសហគមន៍នេសាទសង្កាត់សាមគ្គី និងសហគមន៍ ឃុំអូរស្វាយ-ឃុំកោះស្នែង រួមគ្នាបង្កើនការចុះល្បាតនៅតាមតំបន់សំខាន់ៗ នៅលើផ្ទៃដង ទន្លេមេគង្គ ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើសនេសាទ ក្នុងរដូវបិទការនេសាទ ដែលបានចាប់អនុវត្តពីថ្ងៃទី១ ឧសភា ២០២៤ នោះមក និងដើម្បីរក្សាបាននូវត្រីមេពូជពងកូន ក៏ដូចធនធានជលផលផងដែរ។
សូមបញ្ជាក់ថា រដូវកាលបិទការនេសាទមានរយៈពេល ៣ខែដែលចាប់ផ្តើមពីថ្ងៃ១ឧសភា ដល់ថ្ងៃទី៣០កញ្ញា។ មន្ត្រីឧទ្យានុរក្សប្រចាំតំបន់រាមសារ នៃទន្លេមេគង្គ ខេត្តស្ទឹងត្រែង លោក នី វី បានប្រាប់អ្នកសារព័ត៌ មានឱ្យដឹងថា នៅក្នុងពេលចុះល្បាតច្រើនថ្ងៃមកនេះ ក្រុមការងារបានប្រទះឃើញ ក្រុមជនល្មើសធ្វើសកម្មភាព ដោយប្រើ ប្រាស់ឧបករណ៍ឆក់ត្រី ទាំងពេលថ្ងៃ និងពេលយប់ ។ លោកបន្តថា ថ្ងៃទី៥ ឧសភា ក្រុមការងាររួមសហការ ជាមួយប្រជាសហគមន៍នេសាទ នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង និងឃុំអូរស្វាយ-ឃុំកោះស្នែង ក្នុងស្រុកបូរីអូរស្វាយសែនជ័យ បង្ក្រាបបាន ២ករណី និងនៅថ្ងៃទី៦ ឧសភា បង្ក្រាបបាន ១ករណី ដោយដកហូតសម្ភារ និងឧបករណ៍ល្មើសច្បាប់មួយចំនួនថែមទៀត ។
លោក នី វី បានបន្តទៀតថា ការបង្ក្រាប៣ករណីខាងលើ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យមួយក្រុមមានគ្នា ២នាក់ ដែលកំពុងធ្វើសកម្មភាពនេសាទខុសច្បាប់ និងជនសង្ស័យ ខណៈដែលបានឃើញសមត្ថកិច្ចទៅដល់ បាននាំគ្នាទម្លាក់ឧបករណ៍នេសាទចោលក្នុងទឹក និងបើកទូករត់គេចខ្លួនបាត់ ។
មន្ត្រីឧទ្យានុរក្សប្រចាំតំបន់រាមសារ នៃទន្លេមេគង្គ ខេត្តស្ទឹងត្រែង បានបន្តឱ្យដឹងទៀតថា នៅវេលាម៉ោងជាង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៧ ឧសភា ក្រុមល្បាតក៏បានប្រទះឃើញ ក្រុមជនល្មើសកំពុងធ្វើសកម្មភាពឆក់ត្រី ខណៈនោះក្រុមល្បាតបានប្រដេញចាប់ ប៉ុន្តែតាមមិន ទាន់ក្រុមជនល្មើសឡើយ ដោយពួកគេបានរត់ចោលទូកម៉ាស៊ីន ។ សមត្ថកិច្ចបានដកហូតវត្ថុតាងនៅទីតាំងនោះ រួមមាន៖ ទូកឈើក្បាលស្រួច ១គ្រឿង, ម៉ាស៊ីនកម្លាំង ២០សេសធីបីស៊ី ១គ្រឿង, អាគុយ ៥០Ah ១គ្រឿង, ដុំឆក់ស៊េរីថ្មី ១គ្រឿង, ច្រវ៉ាក់ជាប់កន្ត្រងដងត្រី១ និងខ្សែភ្លើងប្រវែង ៥ម៉ែត្រ ហើយវត្ថុតាងទាំងនេះ ត្រូវបាននាំយកទៅរក្សាទុក នៅស្នាក់ការរងកំបោរ ។
ប្រជាសហគមន៍នេសាទ លោក ថង កង បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ មានចរិកព្រហើនកោងកាច និងមិនចូលរួមគោរពច្បាប់ជលផលឡើយ ដោយនៅក្នុងរដូវបិទនេសាទនេះ ក្រុមជនល្មើស ថែមទាំងបានប្រើប្រាស់ឧបករណ៍ខុសច្បាប់ ធ្វើសកម្មភាពឆក់ត្រីទាំងថ្ងៃ ដោយមិនកោតខ្លាចច្បាប់សោះឡើយ ។
លោក ថង កង ក្នុងនាមប្រជាសហគមន៍នេសាទ បានអំពាវនាវដល់ប្រជាអ្នកនេសាទទាំងអស់ កុំព្យាយាមប្រើឧបករណ៍នេសាទខុសច្បាប់បែបនេះទៀត ព្រោះជាទង្វើល្មើសច្បាប់ និងបំផ្លាញធនធានមច្ឆជាតិរបស់ខ្លួនឯង តែប៉ុណ្ណោះ។
អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានថ្លែងលើកទឹកចិត្តដល់ក្រុមអភិរក្សត្រីមេពូជ ដោយលោកស្នើឱ្យរួមគ្នាបង្កើនសកម្មភាពចុះល្បាតឱ្យបានញឹកញាប់ ចំណែកអាជ្ញាធរ នឹងនៅតែបន្តជួយឧបត្ថម្ភ គាំទ្រ នូវសម្ភារ គ្រឿបរិភោគ ផ្សេងៗបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការពារជលផល ដែលជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា នៅក្នុងរដូវបិទនេសាទនេះ។
អភិបាលក្រុងស្ទឹងត្រែងស្នើដល់ខណ្ឌរដ្ឋបាលជលផល និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សូមជួយបន្ថែមកម្លាំងអន្តរាគមន៍ ដើម្បីជួយដល់ប្រជាសហគមន៍នេសាទ និងកម្លាំងល្បាត ព្រោះត្បិតសហគមន៍មានគ្នាតិច រីឯដែនអភិរក្សមានទំហំធំ និងមានប្រវែងជាង ៤០គីឡូម៉ែត្រ ឯណោះ មិនអាចគ្រប់គ្រងបានទាំងស្រុងនោះទេ បើគ្មានកម្លាំងជំនួយ៕
ដោយ៖ សូរិយា