ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសារាចរ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងស្មារតីនៃការគ្រប់គ្រងថវិកាប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ និងបន្ទាប់ពីបានគិតគូរយ៉ាងហ្មត់ចត់ ដោយ ផ្នែកលើស្ថានភាពនៃការអនុវត្តចំណូល គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ និងស្ថានភាពនៃតម្រូវការផ្នែកចំណាយរហូត ដល់ដំណាច់ឆ្នាំ២០២៤ និងផ្នែកលើមាត្រា ៤២ថ្មី នៃច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ព្រមទាំងផ្នែកតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមដាក់ចេញនូវវិធានការវិចារណកម្មចំណាយថវិកា និង ការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ ដូចខាងក្រោម÷

១. កាត់ព្យួរទាំងស្រុងការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត ជូនរដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់។ ក្នុងន័យនេះ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវផ្អាករាល់ គម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់ ឬពាក់ព័ន្ធទៅនឹងចំណូលទទួលបានពីការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធនេះ។ ២. កាត់ព្យួរឥណទានចំណាយនៃសៀវភៅថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានី ខេត្ត ចំនួន ៥ (ប្រាំ) រួមមាន រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ ដូចមានក្នុងតារាង ឧបសម្ព័ន្ធជូនភ្ជាប់មកជាមួយ។ ផ្នែកលើតួលេខវិចារណកម្ម រដ្ឋបាលរាជធានី ខេត្តសាមីទាំង ៥ (ប្រាំ) ត្រូវកែសម្រួលសៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រួមទាំងតារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទាន និង/ឬ ផែនការលទ្ធកម្មរបស់ខ្លួន ទៅតាមមុខសញ្ញាចំណាយដែលបានកាត់ព្យួរ និងទៅតាមកម្មវិធី អនុកម្មវិធី និង ចង្កោមសកម្មភាពដែលពាក់ព័ន្ធតាមការចាំបាច់ ហើយត្រូវផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋាន ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ) ដើម្បីពិនិត្យ និងសម្រេច យ៉ាងយូរត្រឹមថ្ងៃទី១៧ ខែខុសភា ឆ្នាំ២០២៤។

៣. រដ្ឋបាលខេត្តដទៃទៀត ក្រៅពីរដ្ឋបាលរាជធានី ខេត្តទាំង ៥ (ប្រាំ) ខាងលើ ត្រូវតាមដានដោយយកចិត្តទុកដាក់ លើការអនុវត្តចំណូលរបស់ខ្លួន។ ក្នុងករណីចាំបាច់ រដ្ឋបាលខេត្ត ត្រូវតម្រឹមឬកាត់បន្ថយចំណាយ ជាពិសេស ចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ ឬចំណាយអភិវឌ្ឍន៍មូលដ្ឋានដែលមិនទាន់ចាំបាច់ ទៅតាម ស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ។

៤. រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ ត្រូវតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តចំណូលរបស់ខ្លួន។ ក្នុងករណីចាំបាច់ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយ ប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ ឬចំណាយអភិវឌ្ឍន៍មូលដ្ឋានដែលមិនទាន់ចាំបាច់ ទៅតាមស្ថានភាព ចំណូលជាក់ស្តែងរបស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌនីមួយៗ ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ។

៥. រដ្ឋបាលឃុំ សង្កាត់ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ និងត្រូវកែសម្រួលគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយបញ្ចូល និងប្រើប្រាស់អតិរេកថវិកាឆ្នាំ ២០២៣ ឱ្យអស់លទ្ធភាព ដើម្បីអនុវត្តគម្រោង ឬផែនការសកម្មភាពដែលរងផលប៉ះពាល់ពីការកាត់ព្យួរ ឥណទានដែលទទួលបានពីការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត។

៦. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការអនុវត្តការប្រមូលចំណូលរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងករណីដែលចំណូលមានកំណើនឡើងវិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យ លទ្ធភាពបន្ថែមឥណទានចំណាយថវិកា ស្របតាមលទ្ធភាពចំណូលដែលប្រមូលបានជាក់ស្តែង ដោយផ្តោត ការយកចិត្តទុកដាក់លើចំណាយអភិវឌ្ឍន៍មូលដ្ឋាន។

ក្រោយទទួលបានសារាចរនេះ សូម លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត, លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងលោក លោកស្រីមេឃុំ ចៅសង្កាត់ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ 

ដោយ ៖ សិលា


ចែករំលែក៖