ខេត្តស្វាយរៀង៖ ក្មេងស្រី២នាក់បងប្អូនបង្កើតខំតស៊ូដើររើសអេតចាយដើម្បីលក់យកប្រាក់ជួយឪពុកម្តាយក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងការសិក្សារៀនសូត្រ បានទទួលអំណោយពីលោកអភិបាលខេត្តស្វាយរៀង។
នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀងតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត បាននាំយកអំណោយរបស់លោកអភិបាលខេត្តជូនដល់គ្រួសារក្រីក្រហេីយមានកូនជាសិស្សរៀនពូកែស្ថិតនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
ក្នុងឱកាសនោះ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកអភិបាលខេត្តស្វាយរៀងដល់គ្រួសារដែលមានឪពុកឈ្មោះ យ៉ង់ ចន្ធី អាយុ៤២ឆ្នាំនិងម្តាយឈ្មោះ អ៊ុយ សាខុម អាយុ៣៦ឆ្នាំ មានកូនស្រីច្បងឈ្មោះ អ៊ុយ ស្រីរ័ត្ន អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦នៅសាលបឋមសិក្សា២ធ្នូ ជាសិស្សពូកែររៀនជាប់លេខ១រាល់ខែរាល់ឆ្នាំ និងប្អូនស្រីឈ្មោះ ឆន ភីណា អាយុ១០ឆ្នាំ រៀននៅសាលាបឋមសិក្សា២ធ្នូ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
លោកស្រីអភិបាលរងខេត្តបានផ្ដាំផ្ញើដល់ បងប្រុសបងស្រីនិងកូនៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់និងសូមថែរក្សាសុខភាពនិងមានអនាម័យល្អក្នុងការរស់នៅផងដែរ។
សូមបញ្ជាក់ថា អំណោយដែលគ្រួសារក្រក្រនេះទទួលបានរួមមាន៖ អង្ករប្រាំបេស្មើនិង១២៥គីឡូក្រាម មី៥កេស ទឹកស៊ីអ៊ីវ ៥យូរ ត្រីខ៥យួរ និងថវិកា ២លានរៀល៕
ដោយ៖ សុថាន