ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅវត្ដសិរីសោភា

ចែករំលែក៖

ភ្នំពេញ៖ សមិទ្ធផលនានានៅវត្ដសិរីសោភា  (ហៅវត្ដអង្គតាមិញ) កើតឡើងដោយសទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយមានការអញ្ជើញចូលរួមជាអធិបតី ពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ  នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក  ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ សមិទ្ធផលដែលយើងសម្ពោធនៅពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់សប្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយ។ យើងទាំងអស់គ្នាត្រូវចងចាំថា ការណ៍ដែលយើងអាចជួបជុំនាំគ្នាកសាងនូវសមិទ្ធផលនៅក្នុងទីនេះបាន គឺដោយសារយើងរស់នៅក្នុងដំបូលសន្តិភាព ដែលបានផ្ដល់ឱកាសឱ្យយើងជួបជុំគ្នាធ្វើបុណ្យរួមគ្នាបាន។

លោកបានបន្តថា៖ សន្តិភាព ស្ថិរភាពនយោបាយបាននាំឱ្យយើងមានឱកាស ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជាមួយនឹងការធ្វើឱ្យប្រទេសជាតិមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ តាមរយៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធំៗដែលមានទាំងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសមហាអំណាចនៅលើពិភពលោកក៏បានមកចូលរួមប្រជុំនៅកម្ពុជា ហើយកម្ពុជា រក្សាបាននូវសន្តិសុខពេញលេញសម្រាប់ថ្នាក់ដឹកនាំទាំងនោះផងដែរ។ កត្តាសុខសន្តិភាពទាំងនេះ គឺបានមកពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដោយសម្ដេចបានប្ដូរជីវិតចំពោះជាតិតាំងពីឆ្នាំ ១៩៧៧ រហូតទទួលបានសន្តិភាពពេញលេញនៅទូទាំងប្រទេសនៅឆ្នាំ ១៩៩៨។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី ក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋ មហាជន សិស្ស និស្សិតទាំងអស់រួមគ្នា គាំទ្រការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យគម្រោងនេះសម្រេចបានជោគជ័យសម្រាប់ជាផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាយើង។

លោក  ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងពីប្រវត្តិនៃវត្តអង្គតាម៉ិញ ដោយបានបញ្ជាក់ថា៖ ទីតាំងវត្តអង្គតាមិញពីមុនជាវាលស្រែដែលម្ចាស់ដីស្រែនោះ ឈ្មោះលោកតាម៉ិញ។ តាម៉ិញគាត់បានប្រគេនដីនេះដល់ព្រះសង្ឃហើយព្រះសង្ឃក៏បានសម្រេចដាក់ឈ្មោះវត្តនេះជាវត្តអង្គតាម៉ិញ ក្នុងឆ្នាំ១៨៩៨ ។  បច្ចុប្បន្ន វត្តអង្គតាម៉ិញបានប្រើឈ្មោះមួយទៀតគឺវត្តគោកចំបក់។ ការដាក់ឈ្មោះវត្តគោកចំបក់នេះ ដោយសារទីវត្តអារាមនេះមានដើមចំបក់ដ៏ធំមួយ។ វត្តអង្គមុិញ គិតមកដល់ពេលនេះមានអាយុកាល១២៦ឆ្នាំហើយ ជាវត្តមាន បារមីស័ក្តិសិទ្ធិដែលធ្វើឱ្យពុទ្ធបរិស័ទនិងប្រជាពលរដ្ឋមានជំនឿជឿជាក់យ៉ាងខ្លាំងផងដែរ។

លោកបានបន្ដថា៖ ចំពោះសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះមានដូចជាការកសាងប្រាសាទ ការពង្រីកសាលាធម្មសភា ការកសាងព្រះពុទ្ធរូបអង្គធំកម្ពស់១៥ម៉ែត្រមួយអង្គជាមួយនឹងព្រះពុទ្ធរូបតូចៗចំនួន១៤អង្គ គំនូរនិងសមិទ្ធផលផ្សេងៗ ទៀត ដែលសរុបជាប្រាក់ប្រមាណ៣០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕

ដោយ ៖ សំរិត


ចែករំលែក៖