ព័ត៌មានទាន់ហេតុការណ៍៖

ការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី មានរបៀបវារៈនយោបាយ ចេតនាទុច្ចរិត និងមូលបង្កាច់ខុសពីការពិត និងធ្វើការតាមខ្សែញាក់របស់ជនបរទេសមួយក្តាប់តូច

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី ដែលបានចេញផ្សាយកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ ក្នុងចេតនាអាក្រក់មួលបង្កាច់ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ច្រានចោល ដោយបានគូសបញ្ជាក់ថាលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជានិច្ចកាលប្រកាន់ខ្ជាប់នូវការគោរពច្បាប់, សុច្ចរិតទៀងត្រង់, ប្រកបដោយគុណធម៌, ព្រហ្មវិហារធម៌, ធ្វើសកម្មភាពពាណិជ្ជកម្មស្របច្បាប់, បរិច្ចាគទ្រព្យសម្បត្តិធនធានផ្ទាល់ខ្លួន ដើម្បីជួយជាតិ និងសង្គមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលជាច្រើន, ចូលរួមថវិកាជាមួយ កាកបាទក្រហមកម្ពុជា និងធ្វើសកម្មភាពមនុស្សធម៌ជាច្រើនទៀត ដែលមិនអាចពណ៌នាអស់បានទេ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា យោងតាមប្រភពព័ត៌មានពីមន្ត្រីមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២២ និង ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ពិតជាបានចុះបង្ក្រាបករណីសង្ស័យជួញដូរមនុស្ស នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពិតប្រាកដមែន ប៉ុន្តែមិនមែនលើទីតាំងអាជីវកម្មរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ នោះទេ។ 

នេះសរបញ្ជាក់ឱ្យឃើញថា វិទ្យុអាស៊ីសេរី ដែលជាសារព័ត៌មានគ្មានវិជ្ជាជីវៈ និងមិនមានច្បាប់ អនុញ្ញាតពីក្រសួងព័ត៌មាន ជានិច្ចកាលតែងតែប្រឌិតព័ត៌មានគ្រប់រូបភាព មានរបៀបវារៈនយោបាយ ចេតនាទុច្ចរិត និង មូលបង្កាច់ខុសពីការពិត ហើយជាទម្លាប់របស់អ្នកសារព័ត៌មាន បម្រើការនៅវិទ្យុអាស៊ីសេរីនេះ តែងតែធ្វើកិច្ចការពុំមានវិជ្ជាជីវៈ អសីលធម៌ តាមខ្សែញាក់របស់ជនបរទេសមួយក្តាប់តូច។

សមាគមឧកញ៉ាកម្ពុជា បានស្នើឱ្យសាធារណជនទាំងអស់ ឈប់ជឿ និងស្តាប់ការផ្សាយនានារបស់វិទ្យុអាស៊ីសេរី និងអំពាវនាវឱ្យអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ងាកមកគោរពវិជ្ជាជីវៈជាអ្នកសារព័ត៌មាន មានសច្ចធម៌ ក្រមសីលធម៌ និងលែងបម្រើ តាមខ្សែញាក់របស់ជនបរទេសមួយក្តាប់តូច និងងាកមកគិតគូរពីផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។ លើសពីនេះ សមាគមឧកញ៉ាកម្ពុជា បានស្នើសុំឱ្យវិទ្យុអាស៊ីសេរីធ្វើការកែតម្រូវព័ត៌មានរបស់ខ្លួន ឱ្យត្រឹមត្រូវឡើងវិញជាបន្ទាន់៕

ដោយ ៖ សិលា


ចែករំលែក៖