ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអាហារសាមគ្គីធុរកិច្ចជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងថា ៨ខែហើយដែលរាជរដ្ឋាភិបាលអាណត្តិថ្មីក្នុងនីតិកាលទី៧រដ្ឋសភានេះ គឺប្តេជ្ញាចិត្តឲ្យខាងតែបាន ក្នុងការថែរក្សា ការពារនូវសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃ និងដាក់ចេញនូវទិសដៅទៅមុខជាច្រើនទៀតដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រ ជាពលរដ្ឋខ្មែរគ្រប់រូប។
-សម្ដេចធិបតី ថ្លែងថា អត្ថន័យនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺចែកគ្នាក្នុងគ្រាល្អ និងជួយគ្នាក្នុងគ្រាលំបាក។
-សម្តេចធិបតី ថ្លែងថា ក្នុងរយៈពេលប្រាំបីខែ ក្រោយរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧នៃរដ្ឋសភាបានដាក់ចេញនូវគោលដៅសំខាន់ៗជាច្រើន ដោយ ក្នុងនោះលើកកម្ពស់នូវធនធានមនុស្ស លើកកម្ពស់វិស័យសុខាភិបាល និងការបណ្តុះបណ្តុះបណ្តាលនូវជំនាញវិជ្ជាជីវៈ ខណៈមកដល់ថ្ងៃនេះគឺមានយុវជនជាងបួនម៉ឺននាក់ហើយដែលបានកំពុងធ្វើការ បណ្តុះបណ្តាលជាមួយក្រសួងការងារ និងបណ្តាក្រុមហ៊ុនឯកជននានានៅកម្ពុជា។
-សម្តេចធិបតី ថ្លែងថា ក្នុងរយៈពេលប្រាំបីខែ ក្រោយរាជរដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៧ក្នុងរដ្ឋសភា គឺសម្តេចបានដើរអញ្ជើញ អ្នកវិនិយោគបរទេស(ដើរទាក់ម៉ូយ)ឲ្យគេមកធ្វើការវិនិយោគនៅកម្ពុជា យ៉ាងច្រើនខណៈការដើរទាក់ម៉ូយនេះ គឺជាទិសដៅមុតស្រួច និងការទូតសេដ្ឋកិច្ចដើម្បីលើកស្ទួយពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។
-សម្ដេចធិបតី ថ្លែងថា នៅសប្ដាហ៍ក្រោយនេះ ខ្ញុំ(សម្ដេចធិបតី)នឹង ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ហើយនៅខែមិថុនាគឺខែក្រោយនេះ ខ្ញុំនឹងទៅបំពេញ ទស្សនកិច្ចនៅប្រទេសសិង្ហបុរី។ អំឡុងទស្សនកិច្ចនៅប្រទេសទាំងពីរនេះ ខ្ញុំនឹងបន្តបង្កើនការទាក់ ទាញវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។
-សម្ដេចធិបតី ថ្លែងថា រដ្ឋាភិបាលសុខចិត្តកាត់បន្ថយពន្ធគយ ដើម្បី កម្ពុជាទទួលបានការវិនិយោគរយៈពេលវែង ពលរដ្ឋទទួលបានជំនាញវិជ្ជាជីវៈបន្ថែម និងទទួលបាន របស់របរប្រើប្រាស់ថ្មី គុណភាពល្អ និងតម្លៃសមរម្យ។
-សម្ដេចធិបតី ថ្លែងថា នៅខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចនឹងទៅទាក់ម៉ូយ ទាក់ទាញវិនិយោគិនឱ្យមករកស៊ីនៅកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី។
-សម្ដេចធិបតី ថ្លែងថា ការចង់បានរបស់ខ្ញុំ(សម្ដេចធិបតី) គឺទាំងរដ្ឋ និងឯកជនត្រូវរួមគ្នា បង្កើតបរិយាកាសវិនិយោគល្អនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនមកកាន់កម្ពុ ជាបន្ថែមទៀត៕
ដោយ៖ តារា