ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងវ៉ាស៉ីនតោនរិះគន់ទៅលើអ៉ីស្រាអែលជុំវិញការប្រើប្រាស់សព្វាវុធរបស់អាមេរិកក្នុងសង្រ្គាមនៅហ្កាហ្សា

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោន បានចេញរបាយការណ៍ភ្ញាក់ផ្អើលមួយ ដោយរិះគន់ទៅលើអ៉ីស្រាអែលជុំវិញការប្រើប្រាស់សព្វាវុធរបស់អាមេរិក ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) បន្ទាប់ពីកងកម្លាំងយោធាអ៉ីស្រាអែលបានបង្កើនប្រតិបត្តិការនៅក្បែរទីក្រុង Rafah។
អាមេរិកដែលជាសម្ព័ន្ធមិត្តអន្តរជាតិធំបំផុតរបស់អ៉ីស្រាអែល បាននិយាយថា អ៉ីស្រាអែលប្រហែលជាបានប្រើប្រាស់អាវុធដែលខ្លួនផ្តល់ឱ្យ ក្នុងរបៀបដែលមិនស្របតាមច្បាប់មនុស្សធម៌អន្តរជាតិឡើយ អំឡុងសង្រ្គាមរយៈពេល ជាង៧ខែមកនេះ នៅ Gaza ក៏ប៉ុន្តែបានបន្ថែមថា ទោះជាបែបនេះក៏ដោយ ខ្លួនពុំអាចឈានដល់ការសន្និដ្ឋានឱ្យជាក់ច្បាស់តែម្តងនោះទេ ដូច្នេះហើយគឺមិនរាំងខ្ទប់ការបញ្ជូនសព្វាវុធឡើយ។
ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរបានធ្លាក់ចុះមួយកម្រិតថែមទៀតក្នុងសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគំរាមផ្អាកការផ្តល់អាវុធមួយចំនួន ប្រសិនបើអ៉ីស្រាអែលនៅតែចចេសបើកប្រតិបត្តិការទ្រង់ទ្រាយធំវាយលុកលើទីក្រុង Rafah។ អាមេរិកបានព្រមានថា ការខូចខាតកេរ្តិ៍ឈ្មោះដែលអ៉ីស្រាអែលនឹងត្រូវទទួលរង ប្រសិនបើហ៊ានវាយលុកទីក្រុង Rafah ជាទីដែលជនស៉ីវិលប្រមាណ១.៤លាននាក់ កំពុងជ្រកកោន នឹងមានទំហំធំខ្លាំង។
នាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងម្តងហើយម្តងទៀតថា អ៉ីស្រាអែលមិនអាចយកឈ្នះលើក្រុមហាម៉ាស់និងកម្ចាត់លទ្ធភាពនៃការកើតមានឡើងជាថ្មីនូវព្រឹត្តិការណ៍វាយប្រហារដ៏ប្រល័យដូចកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ឡើយ ប្រសិនបើមិនបញ្ជូនកងទ័ពចូលវាយលុកទីក្រុង Rafah ដើម្បីបោសសម្អាតក្រុមហាម៉ាស់ទេនោះ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា ប្រសិនបើអ៉ីស្រាអែលនឹងត្រូវឈរតែឯង នោះអ៉ីស្រាអែលនឹងប្រយុទ្ធតស៊ូតែម្នាក់ឯង៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖