ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រកាន់យកគោលការណ៍រក្សាចាស់ និងបង្កើតថ្មី ដើម្បីជំរុញកំណើនវិនិយោគកាន់តែខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ ចុងសប្តាហ៍ ! ឆ្លៀតសម្រង់ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្លីៗ តែខ្លឹមមានន័យគួរចងចាំ ..! សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងថា ៖ ប្រកាន់យកគោលការណ៍រក្សាចាស់ និងបង្កើតថ្មី ដើម្បីជំរុញកំណើនវិនិយោគកាន់តែខ្ពស់ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ រាជរដ្ឋាភិបាលដាក់ចេញអភិក្រម “រក្សាចាស់ ពង្រីកថ្មី” សំដៅធានាថា វិនិយោគិនបច្ចុប្បន្ននឹងបន្តភាពជោគជ័យ និងការរីកចម្រើន ក្នុងពេលជាមួយគ្នា យកចិត្តទុកដាក់លើការពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ៖ ការដើរទាក់ម៉ូយកន្លងមកគឺពិតជាទទួលបានលទ្ធផល ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត សុំឱ្យរដ្ឋនិងឯកជន រួមគ្នាជួយគិត ជួយធ្វើ ជួយអនុវត្ត និងជួយទទួលខុសត្រូវ ។ 

ប្រមុខដឹកនាំកម្ពុជា បញ្ជាក់ថា ៖ ការជួយដល់អ្នកវិនិយោគ គឺស្មើនឹងជួយបង្កើតការងារដល់ពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ ការថែរក្សាសុខសន្តិភាព គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់គោលការណ៍អនុគ្រោះជាច្រើនដល់ការវិនិយោគ ។

រាជរដ្ឋាភិបាលបាននិងកំពុងជម្រុញ និងដាក់ចេញឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យសំខាន់ៗរបស់រដ្ឋ ដើម្បីសម្រួលដល់អ្នកវិនិយោគ និងប្រជាពលរដ្ឋទូទៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ទ្រឹស្តី នឹងមិនមានន័យអ្វីទេ ប្រសិនបើមិនមានការអនុវត្ត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ រាជរដ្ឋាភិបាលអណត្តិទី៧ ឱ្យតម្លៃទៅលើសមិទ្ធកម្មជាក់ស្តែង ព្រោះទ្រឹស្តីគ្មានន័យទេបើមិនមានការអនុវត្ត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យប្រទេសយើងឈានឆ្ពោះទៅសម្រេចគោលដៅ «កម្ពុជាឆ្នាំ២០៥០» កាតព្វកិច្ចនិងភារកិច្ចដែលរាជរដ្ឋាភិបាលត្រូវធ្វើ គឺ៖

១-ត្រូវធានារក្សាសុខសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម

២-រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

៣-គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតាមរយៈការធានាក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តដែលមានប្រសិទ្ធភាពច្បាស់លាស់ និងមានតម្លាភាព

៤-ដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងផ្តល់ការលើកទឹកចិត្តផ្សេងៗដល់វិស័យឯកជន

៥-វិនិយោគទៅលើធនធានមនុស្ស ទាំងសុខភាព ទាំងចំណេះដឹង

៦-វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ (ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)

សម្តេចធិបតីបានគូសបញ្ជាក់ថា ៖ ចំណុចខាងលើនេះគឺជាទ្រឹស្តីដែលជួយដល់កំណើនសេដ្ឋកិច្ចដែលអាចធានាទៅបាន។ ប៉ុន្តែទ្រឹស្តីគ្មានន័យទេ បើមិនមានការអនុវត្ត ដូច្នេះរាជរដ្ឋាភិបាលអណត្តិទី៧ ឱ្យតម្លៃទៅលើសមិទ្ធកម្មជាក់ស្តែងតែម្ដង។

សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសបើកឱ្យដំណើរការជាផ្លូវការ» សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖