ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវបណ្តាលអោយដាច់ក ជើងជាប់នឹងកាងដែករថយន្តហើយជនរងគ្រោះនិងម៉ូតូបានផ្លោងទៅមុខប្រហែលជាង១០ម៉ែត្រចូលទៅផ្នែកផ្លូវម្ខាងទៀតបណ្តាលអោយរងរបួសកាន់តែធ្ងន់។ ក្រោយកើតហេតុ រថយន្តសង្រ្គោះបន្ទាន់បានមកដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃហៅមន្ទីរពេទ្យព្រះកុសុមៈ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង ៣០នាទីថ្ងៃត្រង់ថ្ងៃទី១១ ខែឧសភាឆ្នាំ២០២៤ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខវត្តគោកខ្សាច់ ក្នុងភូមិស្រែ.ញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកស្តារិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BV-1130ធ្វើដំណើរឆ្លងផ្លូវជាតិលេខ៣ក្នុងទិសដៅពីកើតទៅលិច ខណៈពេលធ្វើដំណើរឆ្លងផ្លវបានពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1AB-1230 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនក៏បានជ្រុលចង្កូតទៅបុកចំកាងខាងមុខរថយន្តផ្នែកខាងឆ្វេងដាច់ ក ជើងខាងស្តាំជាប់នឹងកាងដែករថយន្តហើយម៉ូតូនិងជនរងគ្រោះបានផ្លោងទៅមុខប្រហែលជាង១០ម៉ែត្រខ្ទាតចូលទៅផ្នែកផ្លូវម្ខាងទៀតបណ្តាលអោយរងរបួសធ្ងន់។ក្រោយកើតហេតុត្រូវរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យលោកសង្ឃហៅមន្ទីរពេទ្យព្រះកុសុមៈ។
ក្រោយពេលកើតហេតុគេបានឃើញសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះទៅធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌដង្កោរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ