សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា គ្រោះទឹកជំនន់ធំមួយដែលបានវាយប្រហារភ្លាមៗទៅលើខេត្ត Baghlan ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃសុក្របានផ្តាច់ជីវិតមនុស្សកើនដល់ជាង២០០នាក់ ខណៈដែលផ្ទះសម្បែងខ្ទង់រាប់ពាន់ខ្នងត្រូវបានបំផ្លិចបំផ្លាញឬរងការខូចខាត។
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM របស់ UN បានរាយការណ៍ថា ដោយផ្អែកលើតួលេខពីអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃប្រទេសអាហ្វហ្កានីស្ថានថា នៅសង្កាត់ Jadid តែឯងប៉ុណ្ណោះនៃខេត្ត Baghlan មានលំនៅឋានរហូតដល់១,៥០០ខ្នងត្រូវបានបំផ្លិចបំផ្លាញ ឬរងការខូចខាត ហើយមនុស្សជាង១០០នាក់បានបាត់បង់ជីវិតនៅទីនោះ។ តួលេខថ្មីនៃអ្នកស្លាប់សរុបជាង២០០នាក់នេះ គឺជាការកើនឡើងពីតួលេខចំនួន៦២នាក់ ដែលត្រូវបានរាយការណ៍គិតត្រឹមយប់ថ្ងៃសុក្រ។
បើតាមអាជ្ញាធរអាហ្វហ្កានីស្ថាន ការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លាកាលពីថ្ងៃសុក្រសប្តាហ៍នេះ ក៏បានបង្កការខូចខាតធ្ងន់ធ្ងរនៅខេត្ត Badakhshan ភាគឦសានខេត្ត Ghor ភាគកណ្តាល និងខេត្ត Herat ភាគខាងលិចផងដែរ។ ជាមួយគ្នានេះ បុគ្គលិកសង្រ្គោះបន្ទាន់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងការប៉ះពាល់ ដើម្បីជួយសង្រ្គោះប្រជាជនដែលរងរបួសនិងជាប់ខ្លួនទៅណាពុំរួច។ គ្រោះទឹកជំនន់បានឆក់យកជីវិតប្រជាជននៅអាហ្វហ្កានីស្ថានជាបន្តបន្ទាប់ ចាប់តាំងតែពីពាក់កណ្តាលខែមេសាមក។
យោងតាមអ្នកវិទ្យាសាស្រ្ត អាហ្វហ្កានីស្ថានដែលត្រូវបានហែកហួរដោយសង្រ្គាមរយៈពេល៤ទសវត្សរ៍ និងស្ថិតក្នុងចំណោមប្រទេសក្រីក្រខ្លាំងលើពិភពលោក ហើយសព្វថ្ងៃស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ គឺជាប្រទេសមួយដែលត្រូវប្រឈមមុខហានិភ័យដ៏ខ្ពស់ ជាមួយផលវិបាកនៃការកើនឡើងកម្តៅភពផែនដី។ ខណៈទទួលបន្ទុកត្រឹម០.០៦ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅលើពិភពលោក អាហ្វហ្កានីស្ថានស្ថិតនៅលេខរៀងទី៦ នៃប្រទេសដែលប្រឈមហានិភ័យខ្លាំងជាងគេពីបាតុភូតប្រែប្រួលអាកាសធាតុ៕ ដោយ៖ ធីរីណា
រូបថត៖ AFP