ព័ត៌មានទាន់ហេតុការណ៍៖

ឆែកឆេរថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន និងឈានដល់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្ត​ព្រះសីហនុ​ បានឆែកឆេរថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន និងឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ កម្លាំងជំនាញ​ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៤ បានទទួលបណ្តឹងរាយការពីឈ្មោះ វិត សុភ័ក្រ្ត ភេទប្រុស ជនជាតិខ្មែរថា រថយន្តរបស់ខ្លួនម៉ាក Prius ពណ៌ស ផលិតឆ្នាំ២០១៣ ស្លាកលេខ ភ្នំពេញ 2BV-3114 ដែលខ្លួនបានជួលទៅឱ្យឈ្មោះ តុន ទូត ភេទប្រុស ជនជាតិខ្មែរ តាមកិច្ចសន្យាជួលរថយន្ត ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ។ ឈ្មោះ តុន ទូត ភេទប្រុស ជនជាតិខ្មែរ បានឈប់បង់ប្រាក់ឈ្នួលជាច្រើនថ្ងៃហើយ និងបានយករថយន្តខាងលើ ចតទុកចោលនៅក្បែរកាស៊ីណូជិនប៉ី ៣ ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយឈ្មោះ វិត សុភ័ក្រ្ត បានពិនិត្យមើលតាម GPS និងបានទៅយករថយន្តមកដាក់នៅយានដ្ឋានស៊ីធី ៦៨ (CT 68) លុះពេលមកដល់ខ្លួនបានបើកគូថរថយន្តខាងលើ ឃើញមានវាល្លី១ ក្នុងនោះអាវុធនិងគ្រាប់មួយចំនួន ទើបប្តឹងរាយការជូនសមត្ថកិច្ច ។ 

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ផែនការងារសន្តិសុខ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡុច សុខលៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម ៖

ក្រុមការងារបានធ្វើការឆែកឆែរ និងត្រួតពិនិត្យជាក់ស្តែង ក្នុងរថយន្តមួយម៉ាក Prius ពណ៌ស ផលិតឆ្នាំ២០១៣ ស្លាកលេខ ភ្នំពេញ 2BV-3114 បានរកឃើញសម្ភារបទល្មើសមួយចំនួនដូចជា វាល្លី ពណ៌ខ្មៅ ចំនួន ១ ក្នុងនោះឃើញមាន អាវុធសរុបចំនួន ៧ដើម ៖ 

 ▪︎ អាវុធវែងចំនួន០៣ដើម ៖១.ម៉ាកAKM ពណ៍ខ្មៅ មានបង់ចំនួន១ ,២.ម៉ាកEKOL 9MM P.A ពណ៍ខ្មៅ មានបង់ចំនួន១  ,៣.ម៉ាកLITTLE BADGER-ITALY ពណ៍ខ្មៅ គ្មានបង់ ។

▪︎អាវុធខ្លីចំនួន ០៤ដើម ៖ ១.ម៉ាកGLOCK 17 GEN4-AUSTRIA ពណ៍ខ្មៅ ២.ម៉ាកSIGSAUER ពណ៍ខ្មៅ មានបង់ចំនួន២ ,៣.ម៉ាកZORAKI M906-T ពណ៍ខ្មៅ មានបង់ចំនួន១ និង ៤.ម៉ាកZORAKI 4918-TD ពណ៍ខ្មៅ មានបង់ចំនួន១ ។

+គ្រាប់អាវុធប្រភេទ អឹមសី ចំនួន ១១៣ គ្រាប់ , គ្រាប់ប្រភេទ AK ចំនួន ១០២ គ្រាប់ , គ្រាប់អាវុធប្រភេទ 380 ចំនួន ២១៩គ្រាប់ , គ្រាប់អាវុធប្រភេទ 9mm ចំនួន ១៥០គ្រាប់ និងគ្រាប់អាវុធប្រភេទ បេអាតា ចំនួន ២៥គ្រាប់ ។

+បំពង់ទប់សម្លេងអាវុធ ចំនួន ៣ 

+គ្រាប់បែកក្រឡាទាប ចំនួន ១ ។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ ឆែកឆេរួច ក្រុមការងារបានសម្រេចអញ្ចើញម្ចាស់រថយន្តឈ្មោះ វិត សុភ័ក្រ្ត ទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងសម្រេចដកហូតវត្ថុតាង រថយន្តមួយគ្រឿងម៉ាក Prius ពណ៌ស ផលិតឆ្នាំ២០១៣ ស្លាកលេខ ភ្នំពេញ 2BV-3114 និងសម្ភារដែលបានរកឃើញក្នុងរថយន្តដូចបានរៀបរាប់ខាងលើ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ។ 

  ក្រោមការដឹកនាំចង្អុលបង្ហាញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក លុច សុខលៀង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ផែនការងារសន្ដិសុខ សហការជាមួយនិងកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង​ ១៥និង០០នាទី​ បានចុះស្រាវជ្រាវ និងបង្រ្កាបករណី​ កាន់កាប់អាវុធខុសច្បាប់ និងផលិត ជួញដូរ​ និងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន​ ១កន្លែង​ ប្រព្រឹត្ដនៅចំណុច​ សណ្ឋាគារ ជូហេតាង ស្ថិតក្នុងក្រុមទី១៥ ភូមិ៣​ សង្កាត់លេខ១​ ក្រុងព្រះសីហនុ​ ខេតព្រះសីហនុ​ ឃាត់ខ្លួនជនសង្ស័យចំនួន​ ០១នាក់​ ជនជាតិចិន​ ឈ្មោះ​ PENG XIONGFENG ភេទប្រុស​ អាយុ​ ៣៣ឆ្នាំ​ ជមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី១៥ ភូមិ៣​ សង្កា​ត់លេខ១​ ក្រុងព្រះសីហនុ​ ខេត្ដព្រះសីហនុ។

    ​​​​​វត្ថុតាងដកហូតរួមមាន៖

-​ សារធាតុញៀនទម្ងន់សរុប​ ៥៨១៤២,៣០ក្រាម​ (ទម្ងន់សុទ្ធ)​ ស្មើនឹង ៥៨គីឡូ ១៤២,៣០ក្រាម​ ក្នុងនោះ មានសារធាតុញៀនប្រភេទមេតំហ្វតាមីន​, សារធាតុញៀនប្រភេទមេតំហ្វេតាមីន​,

សារធាតុញៀនប្រភេទកេតាមីន​ (K)​, សារធាតុញៀនប្រភេទអ៉ិចស្ដាស៊ី​, ឧបករណ៍ផលិត កែច្នៃ​ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ និងកាំភ្លើងខ្លីចំនួន ០១ដើម ម៉ាក BERETTA-MCO 950 B-CAL635 ផលិតនៅប្រទេសប្រេស៊ីល

មានគ្រាប់កាំភ្លើ់ងចំនួន ៥០គ្រាប់។

បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ចជំនាញបានចាត់និតិវិធីបញ្ជូនខ្លួន​ជនសង័្សយនិងវត្ថុតាង​ ទៅកាន់​សាលាដំបូងខេត្តព្រះសីហនុ​ ដេីម្បីចាត់តាម​នីតិវិធី​ច្បាប់​៕

ដោយ​៖តារា​


ចែករំលែក៖