ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសឡាវ បានប្រគល់ដំរីញីឈ្មោល១គូដល់ប្រទេសកម្ពុជា ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ

ចែករំលែក៖

ខេត្តតាកែវ៖ ប្រទេសឡាវបានប្រគល់ដំរីញីឈ្មោល១គូដល់ប្រទេសកម្ពុជា ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គី ភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ។ ពិធីប្រគល់ -ទទួលសត្វដំរីញី-ឈ្មោលមួយគូនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមរំលឹកផងថា នាឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នាថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ លោក Thongloun SISOULITH ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្វាយនូវតង្វាយសត្វដំរីចំនួន១គូ «ញីមួយ និងឈ្មោលមួយ» ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាង រដ្ឋាភិបាល និងប្រជា ជាតិទាំងពីរ ហើយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យដោយសេចក្តីសោមនស្សជាអនេកទទួលតង្វាយសត្វដំរីមួយគូនេះ និងប្រោសព្រះរាជប្រទានជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំចាត់ចែងរៀបចំពិធីប្រគល់-ទទួល និងទទួលចិញ្ចឹមថែរក្សាជាបន្ត។

សត្វដំរីញី-ឈ្មោលមួយគូនេះ មានប្រភពមកពីស្រុក Thongmixay ខេត្ត Xaigna-bouli សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានព័ត៌មានសង្ខេបដូចខាងក្រោម៖

* ដំរីញីឈ្មោះ «រំដួល» កើតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ (អាយុ ៣ឆ្នាំ ៩ខែ) អត្តសញ្ញាណ microchip៖ ៩៣៣០៧៦៤០០៥៧២១២៥។

* ដំរីឈ្មោល ឈ្មោះ «ចំប៉ា» កើតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ (អាយុ ៣ឆ្នាំ ៧ខែ) អត្តសញ្ញាណ microchip៖ ៩៣៣០៧៦៤០០៥៧២១២៥។

សត្វដំរី ច្រើនរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឫស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ ដំរីស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឫសឈើខ្ចីៗ ទំពាំង ឫស្សី ផ្តៅនិង វល្លិ៍ជាដើម។ ចំពោះការចិញ្ចឹមក្នុងសួនសត្វ ដំរីអាចស៊ីផ្លែឈើ អំពៅ ចេក។ ដំរីផឹកទឹករហូតដល់ ២០០លីត្រ ក្នុងមួយថ្ងៃ (នៅកន្លែងសម្បូរទឹក)។ ដំរីច្រើនផ្តល់កំណើតកូន ក្នុងខែកក្កដា -សីហា កូនម្តងបាន១ក្បាលឬភ្លោះក៏មានដែរ។ ប៉ុន្តែកម្រណាស់ បន្ទាប់ពីពពោះរយៈពេល២១ខែ (យូរបំផុត២៥ ខែ)។ ដំរីមេអាចបន្តពូជបាននៅអាយុ ១៥-១៦ ឆ្នាំ ហើយអាចមានកូនរហូតដល់អាយុ ៥០-៧០ឆ្នាំ និងអាចបង្កើតកូនបាន៤ ឬ ៥ដង។ គេអាចសម្គាល់ដំរីឈ្មោលចុះ ប្រេងនៅពេលដែលគេឃើញមាន សារធាតុ រាវម្យ៉ាងហូរចេញពីរន្ឋមួយនៅចន្លោះត្រចៀក និងភ្នែកដែលជាទូទៅនៅចន្លោះខែវិច្ឆិកាដល់ធ្នូ។

ក្រសួងកសិកម្ម បានរៀបចំសាងសង់តុបតែងទ្រុងនៅ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» សម្រាប់ដំរីមួយគូនេះ។ ទ្រុងត្រូវបានសាងសង់ យ៉ាងសម្រិតសម្រាំង និងធំទូលាយ មានទំហំបណ្តោយ ៥០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងកម្ពស់១,៣ម៉ែត្រ ជាមួយ នឹងរោងសម្រាប់ដំរី ដេកទំហំបណ្តោយ១២ម៉ែត្រ និងទទឹង ៦ម៉ែត្រ និងអាងទឹកមួយនៅក្នុងទ្រុងនេះផងដែរ ដើម្បីឱ្យដំរីត្រាំ និងលេងទឹកនៅក្នុងតំបន់ព្រៃឈើ សម ស្រប តាមលក្ខណៈជីវសាស្រ្តរបស់សត្វដំរី អាស៊ីដែលរស់នៅស្រដៀងទៅនឹងព្រៃធម្មជាតិ និងមានសុខុមាលភាពល្អ។

ទន្ទឹមនឹងនេះ ភាគីឡាវបានបញ្ចូនហ្មដំរីចំនួន ២នាក់ «លោក SAK SI OUBON និងលោក VILAI XAINGAVONG» ដើម្បីជួយមើលថែរក្សាសត្វដំរីមួយគូនេះ ក្នុងរយៈពេល៦ខែ នៅក្នុងតំបន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»។ បុគ្គលិក និងបសុពេទ្យភាគីកម្ពុជា ដែលពោរពេញទៅដោយបទពិសោធន៍ នឹងថែទាំពិនិត្យសុខភាព និងផ្តល់ ចំណីឱ្យបានគ្រប់គ្រាន់ ដោយធ្វើយ៉ាងណាឱ្យសត្វដំរីទាំងពីរមានសុខុមាលភាពល្អ។

ជាមួយគ្នានេះដែរ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» មានសត្វដំរីញី-ឈ្មោលចំនួន ៤ក្បាលស្រាប់ក្នុងនោះញី២ក្បាល «ដំរីញី០១ក្បាលឈ្មោះឡាក់គីមានអាយុ២៥ឆ្នាំ និង០១ក្បាលទៀតឈ្មោះចំរើនមានអាយុ៣៥ឆ្នាំ» និងឈ្មោល២ក្បាល «ដំរីឈ្មោល ០១ក្បាលឈ្មោះឈូកអាយុ ១៨ឆ្នាំ និង០១ក្បាលទៀត ឈ្មោះសាគរមានអាយុ៣២ឆ្នាំ» ដែលកំពុងត្រូវបានថែទាំ និងផ្តល់ចំណីបានយ៉ាងល្អប្រសើរ ហើយដំរីទាំងពីរក្បាលដែលជាអំណោយរបស់ភាគីឡាវ នឹងត្រូវថែរក្សាជាមួយនឹងដំរីទាំង៤ក្បាលរបស់ ឧទ្យានសួនសត្វ។

បច្ចុប្បន្ន សត្វដំរីកំពុងមានវត្តមាននៅភាគខាងជើង តំបន់ខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញ ហើយតាមការប៉ាន់ស្មានចំនួនសត្វដំរីព្រៃមានប្រមាណពី៤០០-៦០០ក្បាល និងសត្វដំរីស្រុកចំនួន ៧៥ក្បាលនៅកម្ពុជា។ កម្ពុជាក៏បានរៀបចំផែនការ សកម្មភាពអភិរក្សសត្វដំរីរយៈពេល១០ឆ្នាំ (២០២០-២០២៩) ដោយបានដាក់ចេញនូវសកម្មភាព ជាយុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយការគំរាមកំហែងដល់ការរស់នៅរបស់សត្វដំរី ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិរក្សនានា ហើយការអភិរក្សសត្វដំរីនៅកម្ពុជាសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

គួរបញ្ជាក់ដែរថា អំណោយដំរីមួយគូរបស់ឡាវ ជាការរួមចំណែកដល់ការបង្កើនចំនួនដំរីស្រុក នៅពេលដំរីទាំងពីរនៅវ័យក្មេង ដែលមានលទ្ធភាពបន្តពូជនៅពេលខាងមុខ និងជំនួសសត្វដំរីស្រុកដែលមានអាយុកាន់តែចាស់ ដោយសារកម្ពុជាមិនអនុញ្ញាតឱ្យមានការចាប់ទាក់សត្វដំរីព្រៃមកផ្សាំងនោះទេ៕

ដោយ៖ សូរិយា


ចែករំលែក៖