ភ្នំពេញ ៖ ស្រ្តីសង្ស័យ០១នាក់ឈ្មោះ ឃុត ដាវី អាយុ ៣១ ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ដែលបានចូលខ្លួនសារភាពនៅកន្លែងសមត្ថកិច្ចកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ជុំវិញការចោទប្រកាន់បោកប្រាស់លុយកាក់ពីប្រជាពលរដ្ឋអស់ជាច្រើន និងគ្រងឯកសណ្ឋាននគរបាលជាតិក្លែងបន្លំដើម្បីឆបោកប្រជាពលរដ្ឋដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី៖
១-ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាលឬយោធា(ថតរូបពាក់ឯកសណ្ឋាននគរបាលជាតិថ្នាក់វរសេនីយ៍ទោក្លែងក្លាយ) កាលពីឆ្នាំ២០១៩ ។
២-ឆបោក ប្រាក់ចំនួន២១,២០០ដុល្លារអាមេរិក (ពីរម៉ឺនមួយពាន់ពីររយ)កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣
-យករូបថត លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទៅបង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីខ្ចីប្រាក់ពីដើមបណ្តឹង ។
៣-រំលោភលើទំនុកចិត្ត យកប្រាក់ចំនួន ៤៣៥០ដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ។
៤- បន្លំ (ទិញធូរេនមិនឲ្យប្រាក់ចំនួន២៣១២០០រៀល) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ។
ការឃាត់ខ្លួនស្រ្តីសង្ស័យសមត្ថកិច្ចអនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះ ក្នុងអំពើឆបោកដែលបានប្រព្រឹត្តសោយស្រ្តីសង្ស័យ និងផ្អែកតាមចម្លើយសារភាពចំពោះមុខសមត្ថកិច្ច របស់ស្រ្តីសង្ស័យ៕
ដោយ ៖ សិលា