ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជវរោកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧១ យាងចូល ៧២ព្រះវស្សា ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៤ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន សូម ព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវមនោសញ្ចេតនារីករាយ និងកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះគុណបំណាច់ដ៏ធំធេងរបស់ព្រះអង្គក្នុងព្រះរាជកិច្ចបំពេញបេសកកម្មដ៏មហាបវរ ត្រចះត្រចង់ និងប្តូរផ្តាច់បម្រើឧត្តមប្រយោជន៍ជូន ជាតិ មាតុភូមិ និងប្រជាជនកម្ពុជាទាំងអស់គ្នា។

ក្នុងសិរីមង្គលាភិរម្យប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ និងសូមលើកហត្ថទាំងទ្វេប្រណមឧទ្ទិសបួងសួង ដល់ព្រះគុណបុណ្យបារមី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គសូមមេត្តាជួយប្រោះព្រំថ្វាយចំពោះ ព្រះករុណា ថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមបានប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន និងព្រះរាជជន្មាយុយឺនយូរ ដើម្បីគង់នៅប្រថាប់ជាម្លប់ ដ៏ត្រជាក់និងអភិបាលក្នុងព្រះបរមរាជសម្បត្តិជាយូរអង្វែងតរៀងទៅ។ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាសូម សម្តែងនូវព្រះគុណូបការៈ ការប្តេជ្ញាចិត្តដ៏មោះមុត និងស្វាមីភក្តិឥតងាករេដង្ហែតាមព្រះរាជកិច្ចដ៏ថ្លៃថ្លា ព្រះរាជបញ្ញាញាណដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីចូលរួមបំពេញ បេសកកម្មដ៏មហាបវរត្រចះត្រចង់ និងប្តូរផ្តាច់បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ។

សូមក្រាបថ្វាយបង្គំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ទ្រង់ព្រះមេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងគារវភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំយើងខ្ញុំ ទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖