ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើកបរម៉ូតូលឿនរេចង្កូតទៅបុកដើមក្រខុបនៅជិតផ្លូវជាតិលេខ៥៧ ភូមិដីក្រហម ក្រុងប៉ៃលិនបណ្តាលឱ្យស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍ផ្លូវគោកក្រុងប៉ៃលិនបានឱ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤និង១៤នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយយុវជនម្នាក់បើកបរម៉ូតូលឿនរេចង្កូតទៅបុកដើមក្រខុបពេញទំហឹងបណ្ដាលឱ្យដួលស្លាប់ដោយខ្លួនឯង។

សមត្តកិច្ចនគរបាលជំនាញបានបន្តថា÷ ករណីនេះកើតឡើងនៅលើផ្លូវជាតិលេខ៥៧ ត្រង់ចំណុចហួសការាសសាំង តេលា ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។  ជនរងគ្រោះឈ្មោះ នាត ខេមរិន្រ្ទ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាហ្សូមើរ ពណ៌ក្រហមលាយស ពាក់ផ្លាកលេខប៉ៃលិន១C-៨៥០៦ ក្នុងទិសដៅពីកើតទៅលិច ស្លាប់នៅកន្លែងកើតហេតុ។

សមត្តកិច្ចនគរបាលជំនាញបានបន្តទៀតថា÷ មូលហេតុបណ្តាលមកពីកក្តាមនុស្សបើកបរក្នុងល្បឿនលឿន ដោយបើកបរក្នុងស្ថានភាពងងុយដេក។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕

ដោយ៖ ស សារ៉េត


ចែករំលែក៖