ព័ត៌មានទាន់ហេតុការណ៍៖

ឡិចសុីសបើកវ៉ាជែង គ្រាមេឃកំពុងភ្លៀង រលឹម ក៏ប៉ះជាមួយរថយន្តធំ បណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តសៀមរាប ៖ រថយន្តចំនួន ២គ្រឿង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ ខណៈមេឃកំពុងភ្លៀងរលឹម ។ 

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ថា ៖ ហេតុការណ៍បានកើតឡើង វេលាម៉ោង ១៦ និង៣៦នាទីរសៀលនាថ្ងៃទី ១២ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ចន្លោះគីឡូម៉ែត្រលេខ ៣៥៣ និង៣៥៤ (លើស្ពានព្រីង) ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ ៦ រវាងរថយន្តតូច និងរថយន្តធំ និងបន្តប៉ះបង្កាន់ដៃស្ពាន។

សមត្ថកិច្ចបានបន្តថា ៖ គ្រោះថ្នាក់ចរាចណ៍ នេះ គឺរថយន្តម៉ាក LEXUS RX300 ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 2A-6396 បើកបរដោយឈ្មោះ ម៉េង សាម៉េត ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ បាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បើកបរក្នុងទិសដៅ ពីកើត ទៅលិច បានបើកឡើងវ៉ាជែង រថយន្តម៉ាក HYUNDAI ខណៈមេឃកំពុងភ្លៀង។ ចំណែករថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-1614 មានសណ្តោងរ៉ឺម៉កពីក្រោយ ពណ៌ក្រហម ផ្លាកលេខ កំពង់ចាម 4A-1785 អ្នកបើកបរមិនដឹងអត្តសញ្ញាណ បើកបរក្នុងទិសដៅ ពីកើត ទៅលិច បានរ៉េចង្កូតមកឆ្វេង បុកក្បាលរថយន្តម៉ាក  LEXUS RX 300 និងបុកបង្កាន់ដៃស្ពានតែម្ដង។

សមត្ថកិច្ចបានបន្តទៀតថា ក្នុងហេតុការណ៍នេះ បណ្ដាលឱ្យ ខូចខាតរថយន្តចំនួន ២គ្រឿង និង ខូចបង្កាន់ដៃស្ពាន១ផ្ទាំងផងដែរ។ មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តម៉ាក LEXUS RX 300 បើកឡើងវ៉ាជែង ពេលមេឃកំពុងភ្លៀងខ្លាំង និងនៅកន្លែងមានគំនូសសញ្ញាហាមវ៉ាជែងទៀតផង។ 

    កម្លាំងជំនាញចុះសម្រួលចរាចរណ៍និងយករថយន្តទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីធ្វើការតាមនិតិវិធីនៅពេលក្រោយ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នេះមិនមានឲ្យមនុស្សរងរបួសនោះទេ ៕

ដោយ ៖ សិលា


ចែករំលែក៖