ព័ត៌មានទាន់ហេតុការណ៍៖

ដែនជម្រកសត្វព្រៃលំផាត់​ បន្តផ្តល់ទីជម្រកដល់សត្វត្មាតភ្លើង​ និងជាប្រភេទសត្វជិតផុតពូជបំផុតដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ សត្វត្មាតភ្លើងកំពុងរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងការបំពុលជាដើម​ ។ ហេីយត្មាតភ្លើងនេះក៏ជាប្រភេទសត្វជិតផុតពូជបំផុតដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ 

     អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងនៅថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២៤ថា ដែនជម្រកសត្វព្រៃលំផាត់គឺទីតាំងដ៏សំខាន់មួយក្នុងការគាំទ្រការរស់នៅរបស់សត្វត្មាតភ្លើង ក្រុមការងាររបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា សហគមន៍និងឧទ្យានុរក្សតែងតែធ្វើការអង្កេតតាមដានពីវត្តមានរបស់វាជាប្រចាំ ដោយដាក់កាម៉េរាស្វ័យប្រវត្តិតាមត្រពាំង និងអង្កេតពេលវាចុះស៊ីសាកសពសត្វគោក្របី។

        ជាក់ស្តែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ គេបានកត់ត្រាវត្តមានរបស់ត្មាតភ្លើងចំនួន២ក្បាល កំពុងស៊ីសាកសពសត្វគោ នៅភូមិស្រែជ្រៃ និងសត្វមួយក្បាលបានចុះផឹកទឹកនៅត្រពាំងដែលបានស្តារ។

    ជាមួយគ្នានេះដើម្បីដឹងឱ្យកាន់តែច្បាស់ពីស្ថានភាពប្រជាសាសន៍របស់សត្វត្មាតភ្លើងនៅតំបន់ទេសភាពនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជានិងចាប់រៀបចំអាហារដា្ឋនត្មាតចល័តចំនួន១២ខែ ដោយគឺចាប់ខែមិថុនានេះតទៅ ការចុះមកសាកសពសត្វរបស់សត្វត្មាតដែលផ្តល់ឱ្យក្នុងអាហារដ្ឋានត្មាតអាចឱ្យយើងកំណត់ចំនួនអប្បរិមានិងទីតាំងដែលសត្វភ្លើងកំពុងមានវត្តមាន។

      សូមបញ្ជាក់ផងដែរថា​ នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាតចំនួន៣ប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ ត្មាតមានចំណុចសម្គាល់ និងមានភាពខុសប្លែកគ្នា ទៅតាមប្រភេទនីមួយៗ។ ចំពោះត្មាតភ្លើង មានកម្ពស់ចាប់ពី ៧៦សង់ទីម៉ែត្រទៅ៨៦សង់ទីម៉ែត្រ។ ដងខ្លួនរបស់វាមានពណ៌ស ក្បាលនិងជើងពណ៌ក្រហម ចំណែកឯភ្លៅនិងផ្នែកខាងក្រោយមានឆ្នូតស។ក្រៅពីនេះសម្រាប់សត្វញីនិងឈ្មោលមានភាពខុសប្លែកគ្នាបន្តិច ដោយសត្វញីមានភ្នែកពណ៌ខ្មៅ ហើយសត្វឈ្មោលមានមានភ្នែកលឿង។ ត្មាតភ្លើងរស់នៅតាមតំបន់វាល ព្រៃរបោះដែលមានអូរ នៅភូមិភាគឦសាន និងភូមិភាគឧត្តរនៃប្រទេសកម្ពុជា៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖