ខេត្តពោធិ៍សាត់ ៖ ប្រភពផ្សេងៗបង្ហើបនាព្រឹកថ្ងៃអង្គារ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នេះថា សាច់បង្កកមាន៖ ជើងជ្រូក អណ្ដាតជ្រូក ពោះគោ ជង្គង់មាន់។ល។ចំនួនប្រមាណជិត១តោន ដែលគេដឹកតាមរថយន្តម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C 5949 ត្រូវបានសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បង្រ្កាប ។
ប្រភពដដែលបង្ហើបទៀតថា មិនដឹងការបង្រ្កាបនេះនៅវេលាម៉ោងប៉ុន្មានឬទីកន្លែងណានោះទេ ប៉ុន្តែនៅវេលាព្រឹកម៉ិញនេះ បានយកទៅស្នងការដ្ឋាននគរបាល ដើម្បីធ្វើការត្រួតពិនិត្យ និងបន្តនីតិវិធី ។
ប្រភពបញ្ជាក់បន្ថែមទៀតថា កាបង្ក្រាបនេះអាចបណ្ដាលមកពីសម្រួលលុយមិនត្រូវរ៉ូវគ្នា ទើបធ្វើការបង្ក្រាបយកស្នាដៃ ដើម្បីកុំឲ្យជើងក្រោយៗចេះតែបើកហួស ។ នេះគ្រាន់តែប្រភពមួយលើកឡើងនោះទេ ដូច្នេះ មានតែរង់ចាំតាមដានព័ត៌មានលម្អិត បន្ទាប់សមត្ថកិច្ចធ្វើការរួចរាល់ ៕
ដោយ៖ ប៉ឹម ពិន