ខេត្តពោធិ៍សាត់ ៖ យោងរបាយការណ៍នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នេះ សាច់បង្កកប្រមាណចំនួន៥២២គីឡូក្រាម ត្រូវបានសមត្ថកិច្ចសហការគ្នាដុតបំផ្លាញចោល បន្ទាប់មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងនៃសាលាដំបួងខេត្តពោធិ៍សាត់ ។
ក្នុងរបាយការណ៍ដដែល សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល បានឃាត់រថយន្ត១គ្រឿងម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C 5949 នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ដើម្បីនាំយកមកស្នងការដ្ឋាននគរបាលខេត្ត លុះនៅវេលាព្រឹកថ្ងៃដដែលបានសហការជាមួយមន្រ្តីជំនាញបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ។
ខ្លឹមសារក្នុងរបាយការណ៍នោះ លទ្ធផលៈ សមត្ថកិច្ចរកឃើញ អណ្ដាតសត្វជ្រូកចំនួន៤២ថង់ ស្មើនឹងទម្ងន់ចំនួន២១០គីឡូក្រាម ពោះសត្វគោសម្អាតរួចចំនួន២៤ថង់ ស្មើនឹងទម្ងន់ចំនួន១៥០គីឡូក្រាម ជើងសត្វជ្រូកទម្ងន់ចំនួន៩៥គីឡូក្រាម និងជង្គង់សត្វមាន់ និងទា ដកឆ្អឹងរួចទម្ងន់ចំនួន៦៧គីឡូក្រាម ។ ចំពោះវត្ថុតាងទាំងអស់បានប្រគល់ជូនមន្រ្តីជំនាញបសុព្យាបាល ដើម្បីបន្តនីតិវិធី ។
ក្នុងឱកាសនោះ លោក ផាត់ សារុណ ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាល និងជាមន្រ្តីនគរបាលយុត្តិធម៌នៃក្រសួងកសិកម្ម បំរើការងារនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឲ្យអ្នកកាសែតដឹងថា ដោយមានកិច្ចសហការល្អជាកងកម្លាំងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ហើយធ្វើការពិនិត្យរួមគ្នាជាក់ស្ដែង ឃើញថា សាច់បង្កកនេះបានដឹកចេញពីស្រុកមោងឬស្សី ខេត្តបាត់ដំបង ឆ្ពោះទៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតក្នុងការដឹកជញ្ជូន និងគ្មានប្រភពច្បាស់លាស់ ម្យ៉ាងទៀតសាច់នេះធុំក្លិនស្អុយ និងប្រែពណ៌ ដូច្នេះ យើងសម្រេចដុតបំផ្លាញក្នុងរណ្ដៅដីមួយកន្លែងរួចកប់ចោលតែម្ដង ដើម្បីចៀសវាងរងផលប៉ះពាលដល់សុខភាពប្រជាពលរដ្ឋ នៅពេលពួកគាត់បរិភោគ ។ ក្នុងនោះលោក ផាត់ សារុណ បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ម្ចាស់ពុំចេញមុខនោះទេ ប៉ុន្តែតៃកុងរថយន្តដឹកសាច់បង្កកបានទទួលកំហុស(មិនដឹង)លោក ផាត់ សារុណ ពុំបានបញ្ជាក់ទេថា ការអនុវត្តច្បាប់ដោយធ្វើការពិន័យអន្ដរការឬយ៉ាងនោះទេ ហើយម្យ៉ាងវិញទៀតដូចមិនទំនងសោះ អ្នកដឹកជញ្ជូនឆ្លើយថាមិនស្គាល់ម្ចាស់ ៕
ដោយ៖ ប៉ឹម ពិន