ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រាប់ពេទ្យមើលអ្នកជំងឺនិងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាល ឱ្យដូចជាបុគ្គលិកពេទ្យផង

ចែករំលែក៖

ភ្នំពេញ ៖ លិខិតជូន ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លេីការបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនដល់មន្ត្រី បុគ្គលិកសុខាភិបាលដែលបំពេញការងារក៏ដូចជាអ្នកជំងឺនិងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ៖ ខ្ញុំសូមជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជ្រាបថា ក្រសួងសុខាភិបាលបាននិងកំពុងជំរុញការផ្តល់សេវាសុខាភិបាល ២៤ម៉ោង ក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ជាពិសេសការផ្តល់សេវាសុខាភិបាលជាសារវ័ន្ត និងការថែទាំសុខភាពបឋមនៅមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាព ដែលជាគ្រឹះនៃការឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនាពេលអនាគត ស្របតាម យុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែល តែងតែយកចិត្តទុកដាក់រក្សាសន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្រសួងសុខាភិបាលសូម ឯកឧត្តម លោកជំទាវ មេត្តាបន្តណែនាំបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសកម្លាំងសមត្ថកិច្ចតាមប៉ុស្តិ៍នគរបាលនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ឱ្យចល័តចុះឃ្លាំមើលជាប់ជាប្រចាំតាមគ្រប់មធ្យោបាយ ជំនាញនៅកន្លែងសំខាន់ៗជុំវិញមូលដ្ឋានសុខាភិបាល ជាពិសេសមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពដែលស្ថិតនៅតំបន់ដាច់ស្រយាលទាំងអស់ ដើម្បីឱ្យមន្ត្រី បុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារប្រជាពលរដ្ឋ កាន់តែមានភាពកក់ក្តៅ ទាំងនៅពេលថ្ងៃនិងពេលយប់ ប្រកបដោយសេចក្តីសុខសុវត្ថិភាព ៕ 

ដោយ ៖ សិលា


ចែករំលែក៖