ខេត្តស្វាយរៀង៖ ភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់ រលំគ្រោងអគាររោងចក្រចំនួន២ខ្នង កម្មករសំណង់រងរបួសធ្ងន់ ស្រាល៧នាក់នៅស្រុកចន្ទ្រា ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
យោងតាម អាជ្ញាធរស្រុកចន្រ្ទាបានឲ្យដឹងថា មានភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំងបណ្តាលឲ្យ គ្រោងដែកសាងសង់អគាររោងចក្រ ២ខ្នង (ទទឹង ៨១ម៉ែត្រ បណ្ដោយ ១៦២ម៉ែត្រ) កំពុងតែសាងសង់ថ្មីដួលរលំខូចខាតទាំងស្រុងគ្រោងអគាររោងចក្រនេះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត៣ ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ដែលមានកម្មករសំណង់នៅទីនោះរងរបួស ចំនួន ០៧នាក់ ក្នុងនោះរបួសធ្ងន់ ០៤នាក់ (បាក់ដៃ ២នាក់ របួសបែកក្បាល ២នាក់) របួសស្រាល ០៣នាក់ ។
ចំពោះអ្នករបួសធ្ងន់ ០៤នាក់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង អ្នករងរបួសស្រាល ៣ នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ។
គ្រោងអគាររោងចក្រដែលកំពុងសាងសង់ថ្មីខូចខាតទាំងស្រុង ជាមួយនេះក៏មានខូចខាតរថយន្តក្រឡុកស៊ីម៉ងត៍ ៣គ្រឿង ខូចខាតរថយន្តបាញ់បេតុង ០១គ្រឿង ខូចខាតរថយន្តម៉ាកតាកូម៉ា ០១គ្រឿងនិងរឡូកិនដី១គ្រឿង ក្នុងករណីនេះ ពុំមានរងគ្រោះដល់អាយុជីវិតមនុស្សនោះទេ។
ទាក់ទិនករណីនេះដែរលោក ទិត ខេមរា អគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដីនិងនគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ថា ក្រុមហ៊ុន ម៉ាយ៉ា កម្ពុជា សាងសង់ ដោយពុំទាន់សុំច្បាប់ អនុញ្ញាតសាងសង់ទេ ហើយការសាងសង់នេះទៀត គឺ សាងសង់ខុសបទដ្ឋានបច្ចេកទេស ទើបបណ្តាលឲ្យរលំបែបនេះគឺគ្មានបុកគ្រឹះ ចាប់ខ្ចៅតូចៗ ដែកគ្រឿងសំណង់ស្តើង មិនអាចទ្រ ទម្ងន់បានទេ។
លោក ទិត ខេមរា បានឲ្យតំណាងក្រុមហ៊ុន ម៉ាយ៉ាកម្ពុជា និងប្រធានក្រុមហ៊ុនយូ សេងសុជី អ្នកទទួលការសាងសង់ រៀបចំឯកសារ យកទៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តស្វាយរៀងដើម្បីដោះស្រាយបញ្ហានានានៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះជាកំហិត ៕
ដោយ៖ សុថាន