ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបានប្រើហិង្សាលើនារីម្នាក់ ក្នុងអគារ KTV Spring Paris Club រួចបើករថយន្តចេញយ៉ាងរំភើយគ្មានអ្នកហ៊ានហាមសូម្បីសន្តិសុខសណ្ឋាគារ

ចែករំលែក៖

ភ្នំពេញ៖ នារីបម្រើក្នុងKTV  Spring Paris Club ត្រូវបានជនជាតិចិនម្នាក់ ដែលនាងអះអាងថាជាអ្នកមានអំណាច ជាម្ចាស់ល្បែងអនឡាញ បានហៅនាងទៅអង្គុយផឹកសុីជាមួយ រួចប្រើអំពើហិង្សាលើរូបនាងយ៉ាងចាស់ដៃ រួចហើយអង្គរក្ស របស់ជនដៃដល់រួមជាមួយសន្តិសុខសណ្ឋាគារបានព្យាយាមរំដោះជនដៃដល់រត់គេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅសណ្ឋាគារ KTV Spring Paris Club តាមបណ្តោយផ្លូវជាតិលេខ៤ក្បែរប៉ុស្តិ៍ចោមចៅ៣ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះបានបញ្ជាក់ថា មុនពេលកើតហេតុមានជនជាតិបរទេសមួយក្រុម បានមកអង្គុយផឹកសុីនៅសណ្ឋាគារ KTV Spring Paris Club ខាងលើនេះ រួចហៅរូបនាងនិងនារីៗផ្សេងៗទៀតទៅអង្គុយផឹកកំដរ។ បន្ទាប់ពីផឹកមិនបានប៉ុន្មានផងជនជាតិចិនម្នាក់ជាជនដៃដល់ ដែលជាអ្នកមានលុយ ឬ ជាមេល្បែងអនឡាញបានសួររូបនាងថា ខ្លាចពួកគេដែរឬទេ? រូបនាងក៏ឆ្លើយវិញថា គ្មានអ្វីត្រូវខ្លាចនោះទេ។ បន្ទាប់ពីនាងឆ្លើយរួចបានបន្តិច ជនដៃដល់ជាជនជាតិចិននោះបានចាប់ច្របាច់កនិងចាប់ក្បាលនាងបោកទៅនឹងឥដ្ឋការ៉ូយ៉ាងពេញទំហឹង រហូតមានក្រុមជនជាតិចិនដែលជាក្រុមរបស់ជនដៃដល់បានទៅចាប់ជនដៃជនដៃដល់ ដើម្បីកុំឲ្យប្រើហុិង្សាលើរួបនាងបន្តទៀត។ 

បន្ទាប់ពីប្រើហិង្សាលើរូបនាងក្នុងសណ្ឋាគាររួចមក ជនសង្ស័យបានហៅអង្គរក្សរបស់ខ្លួនប្រមាណជា១០ម៉ូតូមកដល់សណ្ឋាគារកើតហេតុ រួចជនដៃដល់ក៏រត់គេចខ្លួនបានសម្រេច ។ 

ជនរងគ្រោះបន្តទៀតថា បន្ទាប់ពីរូបនាងបានទំនាក់ទំនងប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី៣ តាមរយៈលេខទូរស័ព្ទមក ប្រមាណជា៣០នាទីទើបសមត្ថកិច្ចមកដល់ ទាំងដែលប៉ុស្តិ៍នគរបាលនៅចម្ងាយប្រមាណ២០០ម៉ែត្រពីកន្លែងកើតហេតុសោះ ។ ពេលសមត្ថកិច្ចមកដល់ក៏ត្រឡប់ទៅវិញដោយប្រាប់ថា ឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍។

ក្រោយកើតហេតុ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដើម្បីឱ្យសមត្ចកិច្ច រកយុត្តិធម៌ឱ្យខ្លួន ដែលត្រូវរងអំពើហិង្សាពីសំណាក់ជនជាតិចិនបែបនេះ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖