ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី៖​ ជនសង្ស័យចំនួន ៧១នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួន!

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា​ កម្លាំងជំនាញអាវុធហត្ថខេត្តព្រះសីហនុ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យចំនួន ៧១នាក់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ 

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានថ្លែង​បន្តថា​ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ កាលពីថ្ងៃទី​១៣​ ឧសភា​ថ្មីៗ​នេះ​ បានចុះបង្ក្រាបទីតាំងចែកចាយ និងមុខសញ្ញាពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅចំណុចក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ 

ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៧១នាក់ និងចាប់ដកហូតវត្ថុតាងមួយចំនួន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ៤៤កញ្ចប់ ទម្ងន់ស្មើនឹង ៣៤.៣៤ក្រាមទាំងសំបក, ខ្សែជក់០៣, ទូរស័ព្ទ ៣១គ្រឿង, ម៉ូតូ ២០គ្រឿង។ 

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបទល្មើសត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាត់ការបន្តនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖