ខេត្តស្វាយរៀង៖ លោក អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ចុះ
ពិនិត្យមើលទីតាំងការដ្ឋានរោងចក្រចំនួន២កន្លែង ដែលមានភ្លៀង និងលាយឡំខ្យល់កន្ត្រាក់បណ្តាលអោយរលំ គ្រោងដែកសាងសង់អគាររោងចក្រ ២ខ្នង និងរងរបួសមនុស្ស៧នាក់កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤ ស្ថិតក្នុងភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា។
ជាក់ស្តែង នាព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោក ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំក្រុមការងារក្រសួង ខេត្ត ស្រុកចុះពិនិត្យមើលទីតាំងការដ្ឋានរោងចក្រចំនួន២កន្លែង របស់ក្រុមហ៊ុនរោងចក្រ ម៉ាយ៉ា និងក្រុមហ៊ុន រោងចក្រ ហូម ស្តាយស៍ លី វីន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិតទី៣ ក្នុងភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
យោងតាម លោកធឿន រដ្ឋា អភិបាលរងស្រុកចន្ទ្រាបានអោយដឹងថា ក្នុងការចុះពិនិត្យដល់ទីតាំងរោងចក្រនេះរបស់លោកឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់នាពេលនេះ គឺពាក់ព័ន្ធករណីភ្លៀង និងលាយឡំខ្យល់កន្ត្រាក់បណ្តាលអោយ គ្រោងដែកសាងសង់អគាររោងចក្រ ២ខ្នង (ទទឹង ៨១ម៉ែត្រ បណ្ដោយ ១៦២ម៉ែត្រ) កំពុងតែសាងសង់ថ្មីដួលរលំខូចខាតទាំងស្រុង ដែលមានកម្មករសំណង់រងរបួស ចំនួន ០៧នាក់ ក្នុងនោះរបួសធ្ងន់ ០៤នាក់ (បាក់ដៃ ២នាក់ របួសក្បាល ២នាក់) របួសស្រាល ០៣នាក់ ។
ដោយជាលទ្ធផល ក្នុងការចុះពិនិត្យ រោងចក្រទាំងពីរ នេះមិនមានច្បាប់អនុញ្ញាតពីអាជ្ញាធរ ត្រឹមត្រូវទេ ក្រុមការងារ បានបង្អាក់ការសាងសង់បណ្ដោះអាសន្នសិន ហើយឱ្យក្រុមហ៊ុន រោងចក្រទាំងពីរ រត់ឯកសារសុំច្បាប់ឱ្យបានត្រឹមត្រូវ ៕
ដោយ៖ សុថាន