ព័ត៌មានទាន់ហេតុការណ៍៖

លោក ឈា ប៊ុនរិទ្ធ ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទំនប់អាងទឹកបឹងធំ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោកប្រធាននិងលោកអនុប្រធាន នាយកដ្ឋានវិស្វកម្ម នាយកដ្ឋានធារាសាស្ត្រកសិកម្ម ព្រមទាំងមន្ត្រីបច្ចេកទេសក្រសួង បានសហការជាមួយលោកអភិបាលស្រុកក្រូចឆ្មារ និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យមើលដល់ទីតាំងទំនប់អាងទឹកបឹងធំ ស្ថិតនៅក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សូមជម្រាបថា ទំនប់អាងទឹកបឹងធំ ស្ថិតនៅក្នុងភូមិរកាខ្នុរ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានផ្ទៃក្រឡាអាងទំហំ ៨៧ហិកតា និងមានលទ្ធភាពស្រោចស្រពស្រូវប្រាំងប្រមាណ ៣៥០ហិកតា និងដីចំការប្រមាណ ៩៣៥ហិកតា ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការរក្សានូវប្រព័ន្ធអេកូឡូស៊ី។

តាមរយៈការចុះពិនិត្យជាក់ស្តែងបានបង្ហាញឱ្យឃើញថា តួទំនប់មានសភាពទាប រក្សាទឹកបានតិច ដែលតម្រូវឱ្យមានការសិក្សាឱ្យបានត្រឹមត្រូវមុននឹងលើកកម្ពស់តួនំនប់ព័ទ្ធជុំវិញអាង ដើម្បីរក្សាទឹកឱ្យបានច្រើនសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រែ-ចម្ការ និងរក្សាបាននូវព្រៃលិចទឹក សម្រាប់ជាជម្រកត្រីពងកូនផងដែរ។ គម្រោងខាងលើនេះ គ្រោងអនុវត្តនៅឆ្នាំក្រោយ (ឆ្នាំ២០២៥) ដោយសាររដូវវស្សាឆ្នាំនេះ បានចូលមកដល់ហើយ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការ រួមជាមួយក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យតាមបណ្តាប្រព័ន្ធធារាសាស្ត្រនានា នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖