ភ្នំពេញ ៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (CCJ) នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថា ៖ រយៈពេលពីរថ្ងៃនៅក្នុងទីក្រុងហាណូយ គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ដែលខ្ញុំបានដឹកនាំមកនេះ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់សារព័ត៌មានធំចំនួនបី៖
-ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA), -កាសែតប្រជាជន (Nhan Dan)
-និងសមាគមអ្នកកាសែតវៀតណាម (VJA) ដោយផ្តោតទៅលើការផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមនៃសារព័ត៌មានប្រពៃណីក្នុងយុគសម័យឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (Al) ក្នុងវិស័យសារព័ត៌មានដែលប្រហាក់ប្រហែលនឹងកម្ពុជាដែរ។ អ្វីដែលគួរកត់សម្គាល់ នៅវៀតណាមមានចរន្តនៃការបែមករកសារព័ត៌មានអាជីពវិញ បន្ទាប់ពីការប្រើប្រាស់បណ្តាញសង្គមកន្លងមក មិនអាចយកជាការបានក្រៅពីការមើល ឬអានដើម្បីកំសាន្ត ដើម្បីជាដំណឹង និងជាព័ត៌មានបឋមដែលពុំគ្រប់ជ្រុងជ្រោយ ពុំមានប្រភពច្បាស់លាស់។ ដោយឡែក មានតែអ្នកសារព័ត៌មានទេដែលអាចទទួលបាន ឬអាចកាន់កាតអ្នកកាសែតបាន រីឯបុគ្គលិកអ្នកធ្វើការនៅក្នុងវិស័យព័ត៌មាន មិនអាចកាន់កាតអ្នកកាសែតបានឡើយ។ ហេតុដូច្នេះហើយ បានជាសមាជិករបស់សមាគមអ្នកកាសែតវៀតណាមដែលមានចំនួន 41,000 (បួនម៉ឺនមួយពាន់នាក់) មានតែ 20,500 (ពីរម៉ឺនប្រាំរយនាក់) ប៉ុណ្ណោះដែលកាន់កាតអ្នកកាសែត។ នៅវៀតណាម មានស្ថាប័ន
ព័ត៌មានធំចំនួន6ដែលចំណុះបក្សនិងរដ្ឋ ហើយដែលគេយកជាផ្លូវការនៅរាល់ការផ្សាយព័ត៌មានទាំងអស់។
1. កាសែតប្រជាជន (Nhan Dan)
2. ទីភ្នាក់ងារព័ត៌មានវៀតណាម (VNA)
3. ទូរទស្សន៍វៀតណាម (VTV)
4. វិទ្យសម្លេងវៀតណាម (VoV)
5. កាសែតកងទ័ពប្រជាជន
6. កាសែតនគរបាល ៕
ដោយ ៖ សិលា