ភ្នំពេញ ៖ រថយន្តកូរ៉េហុីយ៉ាន់ដាយ ប្រភេទយុីឌុបមួយគ្រឿង បើកបរល្បឿនលឿនជ្រុលបុកពីក្រោយរថយន្តធុនធំ រេចង្កូតឡើងសួនទ្រូងផ្លូវ រងការខូចខាតកល់ជាប់ទៅមុខលែងរួច របួសស្រាល២នាក់ អ្នកបើកបរនិងព្រូ រីឯរថយន្តមួយគ្រឿងទៀតបន្តបើកទៅបាត់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុរថយន្តកូរ៉េម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7815 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយព្រូម្នាក់ ធ្វេីដំណេីរពីត្បូងទៅជើង ល្បឿនលឿន លុះមកដល់ចំណុចកើតហេតុជ្រុលបុកពីក្រោយរថយន្តធុនធំសណ្តោងរុឺម៉ក បណ្តាលឱ្យរេចង្កូតឡើងសួនទ្រូងផ្លូវ ខ្ទេចកាប៊ីន របួសស្រាល២នាក់ អ្នកបើកបរគេចខ្លួនបាត់ រថយន្តមួយគ្រឿងទៀតបើកទៅបាត់ស្រមោល ។
តាមសម្តីព្រូរថយន្តបានឱ្យដឹងថា រថយន្តដឹកសុីម៉ង់ត៍ មកពីក្រុងព្រះសីហនុ យកទៅដាក់នៅក្រុងសួង ខេត្តត្បូងឃ្មុំ ពេលដែលកំពុងបើកបរតាមបណ្តោយផ្លូវកប់ស្រូវ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុវ៉ាក់អើជាមួយរថយន្តធុនធំ ជ្រុលបុកពីក្រោយតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ រួចប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ស្ទូចយកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ ៕
ដោយ៖សុខាសែនជ័យ