ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ សមយុទ្ធ «នាគមាស» បានក្លាយជានិម្មិតរូប នៃកិច្ច​សហប្រតិបត្តិការ​ដ៏រឹងមាំមិនអាចបំបែកបានរវាងកម្ពុជា និងចិននោះឡើយ

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ ថ្លែងក្នុងពិធីបើកសមយុទ្ធ«នាគមាសឆ្នាំ២០២៤» រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ព រំដោះ​ប្រជាជន​ចិន​ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានលេីកឡេីង​ថា៖ សមយុទ្ធ នាគមាស លើកទី៦រវាងកងទ័ពកម្ពុជា និងចិន នៅឆ្នាំ២០២៤នេះ បាន​ក្លាយ​ទៅ​ជា​និម្មិត​រូប​នៃ​កិច្ច​សហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបានរវាងកម្ពុជា និងចិននោះឡើយ ហើយមួយ​វិញ​ទៀត​សម​យុទ្ធ​នេះ​ក៏​បានឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ មនោសញ្ចេតនា ក្នុងនាមជាបងប្អូនដែកថែប មិត្ត​អមតៈ​ផង​ដែរ​។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែង​បញ្ជាក់នៅព្រឹកថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា គោល បំណង​នៃ​សម​យុទ្ធនាគមាស-២០២៤ គឺដើម្បីអភិវឌ្ឍ​ឲ្យ​កាន់តែស៊ី​ជម្រៅនូ​វ​ទំនាក់​ទំនង​ជាដៃ​គូ​កិច្ច​សហ​ប្រតិបត្តិការ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយទៅវិញទៅមក បម្រើឲ្យ ការ​កសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរ បទ​ពិសោធន៍រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា កិច្ចសហការនិងនិរន្ទ ភាព រួមគ្នាថែរក្សាស្ថានភាព សន្តិភាពតំបន់ដ៏ល្អប្រសើរនាពេលបច្ចុប្បន្ន លើកកម្ពស់សមត្ថភាព និងលទ្ធ ភាព​ប្រយុទ្ធជាក់ស្តែង នៃកងទ័ពទាំងពីរ(កម្ពុជា-ចិន) ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិយម។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន​ថ្លែង​បន្ត​ថា«​សមយុទ្ធនាគមាសបានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបានរវាងប្រទេស និង​កងទ័ពកម្ពុជា និងចិន ហើយសមយុទ្ធនេះ ពិតជាផ្តល់សារសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និង​ការ​យល់​ដឹង​បន្ថែមទៀតដល់កងទ័ពទាំងពីរ ដូច ជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅមក បង្កើនការយល់ដឹងពីការបញ្ជា ចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ។ សមយុទ្ធនេះ ក៏បានឲ្យ កងទ័ពយើងពង្រឹងបាននូវទំនាក់ទំនងល្អ បង្កើន​ចំណង​​សាមគ្គីភាព ចេះសម្របសម្រួល អាចរស់នៅ និង ធ្វើការងាររួមគ្នា​ជាមួយ​ជាតិ​សាសន៍​ដទៃ​ក្នុង​ពេល​ធ្វើ​​ប្រតិបត្តិការរួម ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងប្រតិបត្តិការទាំងថ្នាក់ជាតិ និង​អន្តរជាតិ ក្នុងគោលបំណងចូលរួមទប់ស្កាត់ និង ដោះស្រាយបញ្ហាប្រឈមនានា ដែលអា​ច​កើត​មាន​ឡើង​ជាយ​ថាហេតុ»។

នៅចំពោះមុខវត្តមាន នៃកងទ័ពចិន និងបណ្តាអនុពន្ធ និងសេនានុពន្ធយោធា​នៃ​ប្រទេស​ជាមិត្ត​ជា​ច្រើន​ទៀត​ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានបញ្ជាក់បន្ថែមថា ដើម្បីឆ្លើយតប​នឹង​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មិត្ត​ចិន​ កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវ«នយោបាយចិនតែមួយ» ប្រឆាំងដាច់ខាតការជ្រៀតជ្រែក កិច្ច​ការ​ផ្ទៃ​ក្នុង​ ឬចលនាបំបែកទឹកដីណាមួយដែលប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាព​ទឹកដី​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិតចិនផងដែរ។

យ៉ាង​ណាក៏​ដោយនៅក្នុងពិធីបើកសមយុទ្ធនាគមាសឆ្នាំ២០២៤នេះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គ​មេបញ្ជាការកងយោធពលខេមរភូមិន្ទ ក៏បានសង្ឈឹមយ៉ាងមុតមាំផងដែរថា សមយុទ្ធនាគមាស លើក​ទី​៦​នេះ នឹងនាំមកនូវផលប្រយោជន៍យ៉ាងធំធេង ដល់កងយោធពលខេមរភូមិន្ទ ទាំងបច្ចេកវិជ្ជា បទ​ពិសោធន៍ និងចំណេះដឹងជំនាញថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែមានសក្តានុពលខ្លាំងក្លា បន្ថែម​ទៀត​ផងដែរ។

សមយុទ្ធយោធារវាងកម្ពុជា និងចិនដែលមានឈ្មោះថា«នាគមាស»ឆ្នាំ២០២៤នេះ នឹង​ធ្វើឡើង​ក្រោម​វិធា​ន​បទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» រយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ខណៈ​សម​យុទ្ធ​ដែល​មានបាញ់គ្រាប់ពិតផងដែរនោះ គឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការ ប្រចាំឆ្នាំទ្វេភា គីរវាង​កម្ពុជា និងចិន ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក នៃការទប់ស្កាត់ និង​បង្រ្កាប​អំពើ​ភេរវ​កម្ម ការប្រឆាំងដ្រូនស៊ើបការរបស់សត្រូវ និងក៏​ដើម្បី​បង្កើន​សមត្ថ​ភាព​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពី​រ​ពាន់​ឲ្យ​កាន់​តែ​ល្អប្រសើរបន្ថែមទៀត ក្នុងកិច្ចការពារជាតិ ការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ពុំមែន​ធ្វើ​ឡើង​ដើម្បី​ជា​ការគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ដល់អ្នកណាឬប្រទេសណានោះឡើយ។

គួរបញ្ជាក់ថា សមយុទ្ធយោធាទេភាគីរវាងកម្ពុជា និងចិនដែលមានឈ្មោះថា«នាគមាស»នេះគឺ បាន​ប្រព្រឹត្ត​ទៅ​ចំនួន៥លើកមកហើយ ខណៈលើកទី៦នេះ មានលក្ខណៈទ្រង់ទ្រាយធំជាងមុនៗទៅទៀត ដោយ ឆ្នាំនេះ គឺមានចំនួនកងទ័ពភាគីទាំងរហូតដល់ជាងពីរពាន់នាក់ចូលរួម ដោយ​ក្នុង​នោះ​កង​ទ័ព​ចិន​ចំនួ​ន​ជាង​៧រយនាក់ រួមទាំងសព្វាវុធទំនើបៗ ឧត្ថម្ភាចក្រ និងថែមទាំងមាននាវាចម្បាំងទាំងខ្នាតធំ និង​តូច​​ចំនួន១៤គ្រឿងផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖