ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទី គណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានរៀបចំធ្វើមីទ្ទីង បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ ដោយធ្វើការជួបជុំនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូតិ៍លេខ២៧៧០ លើផ្លូវម៉ៃដា (លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន ១០.០០០នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានី ភ្នំពេញ។ បន្ទាប់មកធ្វើការដង្ហែក្បួនចេញពីទីតាំងជួបជុំទៅតាមផ្លូវសំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិយើង ពិសេស ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ទោះបីការបោះឆ្នោតនេះជាការបោះ ឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថា សមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន៕
ដោយ ៖ សិលា