ភ្នំពេញ៖ នារីជាជនជាតិបរទេសម្នាក់បានចងក្រមាចេញពីក្នុងបន្ទប់ខុនដូជាន់ទី២រួចកាន់ទម្លាក់ខ្លួនចុះមកក្រោម តែរបូតដៃក៏ធ្លាក់មកក្រោមបណ្តាលឱ្យរងរបួសធ្ងន់។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវលេខ១០៥កែងផ្លូវលេខ៣៩០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះជាជនបរទេសបានយកក្រមាចងចេញពីក្នុងបន្ទប់របស់ខ្លួននៅជាន់ទីពីក្នុងខុនដូមួយកន្លែង រួចនារីរងគ្រោះខាងលើក៏បានទម្លាក់ខ្លួនចុះតាមក្រមាមកក្រោម ស្រាប់តែរបូតដៃធ្លាក់មកក្រោមទើរលើសំយាប ហើយក៏បន្តធ្លាក់មកខាងក្រោមបណ្តាលឱ្យរងរបួសធ្ងន់។ពេលនោះដែរក៏មានបងបងដែលធ្វើដំណើរឆ្លងកាត់ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ក៏បានទាក់ទងទៅរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងដឹកយកនារីរងគ្រោះខាងលើទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកឯមូលហេតុនៃការធ្លាក់សមត្ថកិច្ចជំនាញនឹងធ្វើការស្រាវជ្រាវនៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ