ព័ត៌មានទាន់ហេតុការណ៍៖

ទារិកាទើបកើតបាន២ទៅ៣ថ្ងៃត្រូវអ្នកស្រុកប្រទះឃើញក្នុងតាការពេលកំពុងភ្លៀងរលឹម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  អ្នកស្រុកបានប្រទះឃើញទារិកាដែលមានអាយុទើបតែបាន២ទៅ៣ថ្ងៃត្រូវម្ដាយចិត្តអប្រិយយកទៅប្លុងចោលដាក់ក្នុងតាការស្រែកយំទាំងទទឹកភ្លៀងជោកខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នៅចំណុចផ្លូវក្បែរម្លប់ឫស្សីស្ថិតក្នុងភូមិប៉ាលិលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

អ្នកស្រុកបានប្រាប់ថា នៅពេលដែលប្រទះឃើញទារកដែលត្រូវបានម្ដាយអប្រិយយកទៅប្លងចោលគឺនៅពេលមានភ្លៀងរលឹមស្រិចៗ ឮតែសំឡេងស្រែកយំ ប៉ុន្តែដោយមានការសង្ស័យ ខណៈសំឡេងយំចេះតែឮទៅៗដោយគ្មានអ្នកបំពេរក៏ចេញទៅមើល ស្រាប់តែឃើញទារកអាយុទើបកើតបាន២ទៅ៣ថ្ងៃក្រហមរងាលដាក់ក្នុងតាការគ្របដោយសារុងរួមទាំងមានថ្នាំពេទ្យ១ថង់ កំប៉ុងទឹកដោះគោ១ទទឹកដោយតំណកទឹកភ្លៀងក្រោមផ្គររន្ទះផ្លេកបន្ទោភ្លែតៗផងនោះ។

អ្នកស្រុកបញ្ជាក់ថា ក្រោយប្រទះឃើញទារកគេយកទៅប្លងចោលភ្លាម គាត់បានទំនាក់ទំនងទៅក្រុមសង្គ្រោះបឋមរបស់លោក នួន នីគីដា បានចុះមកភ្លាមៗនិងសង្គ្រោះយកទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែតដើម្បីជួយសង្គ្រោះ។

អ្នកស្រុកថា  គួរអោយអនិច្ចាក្មេងកើតមកត្រូវបានម្តាយយកបោះបង់ចោលទាំងកណ្តាលយប់ក្រោមតំណក់ទឹកភ្លៀងដែលមានអ្នកឃើញនៅពេលដែលក្មេងស្រែកយំមិនមានអ្នកបំបៅ ជាធម្មតាក្មេងទើបតែកើតត្រូវមានការថ្នាក់ថ្នមដោយទឹកដៃម្ដាយ តែម្ដាយរបស់ទារិការួបនោះក្លាយជាម្ដាយអប្រិយយកកូនខ្លួនឯងបោះចោលគ្មានក្ដីមេត្តាទៅវិញ បើបង្កើតគ្នាហើយយកមកបោះបង់ចោលដដែលធ្វើតើបង្កើតមកធ្វើអ្វី បើគ្មានលទ្ធភាពចិញ្ចឹមម្តេចមិនយកទៅដាក់មណ្ឌលចាំបាច់យកគ្នាមកចោលដូចសត្វធាតុ។ សមត្តកិច្ចគួរតែស្រាវជ្រាវរកម្តាយឪពុកទារកអោយឃើញដើម្បីមានចំណាត់ការតាមច្បាប់ទើបត្រឹមត្រូវ៕

ដោយ ៖ វណ្ណា


ចែករំលែក៖