ព័ត៌មានទាន់ហេតុការណ៍៖

កំពង់ផែទឹកជ្រៅកំពតផត ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែក្រោយ នឹងដើរតួនាទីយ៉ាងសំខាន់ជាច្រើន

ចែករំលែក៖

ខេត្តកំពត ៖ បើតាម អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានសមាគមន៍ឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ៖ កំពង់ផែទឹកជ្រៅកំពតផត ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែក្រោយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំចូលវត្ថុធាតុដើមសម្រាប់រោងចក្រស៊ីម៉ង់ត៍ រោងចក្រវាយនភណ្ឌ រោងចក្រស្បែកជើង និង ផលិតផលកសិកម្មកម្ពុជា។

លោកបន្តថា ៖ កំពង់ផែអន្តរជាតិរបស់កម្ពុជា មួយនេះ មានផ្ទៃដី២០៧ហិកតា ស្ថិតនៅសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុនឯកជនក្នុងស្រុក ១០០ភាគរយ ក្នុងទំហំថវិការ១៤០លានដុល្លារ។ កំពង់ផែទឹកជ្រៅថ្មីនេះ បានចំណាយពេលសាងសង់អស់រយៈពេល៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤។ កំពង់ផែកំពតផត នឹងអាចឱ្យនាវាដឹកទំនិញចំណុះ ២០.០០០ តោន អាចចូលបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ២០០.០០០ TEU នៅក្នុងដំណាក់កាលទី១ ឆ្នាំ២០២៤ និងប្រមាណ ៦០០.០០០ TEU សម្រាប់ដំណាក់កាលបន្តបន្ទាប់ទៀត។

គម្រោងវិនិយោគក្នុងដំណាក់កាលទី១ នេះចំណាយថវិការអស់សរុប ១៤០ លានដុល្លារ លើការសាងសង់គម្រោងមួយចំនួនមានជាអាទិ៍៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញចេញចូលគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវា ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ និងកពង់ផែក្រុងព្រះសីហនុ។

អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត បានឱ្យដឹងថា ៖ «លក្ខណៈពិសេស គឺយើងអាចនាំចូលវត្ថុធាតុដើមសំរាប់រោងចក្រវាយនភណ្ឌ, រោងចក្រស្បែកជើង ។ល។ វត្ថុធាតុដើមសម្រាប់រោងចក្រស៊ីម៉ង់ត៍ ដែលបច្ចុប្បន្ននេះយើងមានរោងចក្រស៊ីម៉ង់ចំនួន៦ ក្នុងនោះខេត្តកំពត មានរោងចក្រស៊ីម៉ង់ត៍ ៤ ខេត្តកំពង់ស្ពឺមាន ១ និងខេត្តបាត់ដំបងមាន ១ ហើយរោងចក្រទាំងអស់នេះ ត្រូវការដឹកនាំវត្ថុធាតុដើមចូលដូចជា ម្នាងសិលា»។ល។

អ្នកឧកញ៉ាបានបញ្ជាក់ទៀតថា ៖ កំពង់ផែទឹកជ្រៅកំពតផត នឹងកាន់តែមានសក្តានុពល ដើរតួនាទីយ៉ាងសំខាន់ថែមទៀតក្នុងការនាំចូលនូវវត្ថុធាតុដើមសម្រាប់រោងចក្រស៊ីម៉ង់ត៍ និងវត្ថុធាតុដើមសំរាប់រោងចក្រវាយនភណ្ឌ, រោងចក្រស្បែកជើង ក្នុងនោះកំពង់ផែកំពតនឹងនាំចេញនូវផលិតផលវាយនភណ្ឌ , ស្បែកជើង និងផលឹតផលកែឆ្នៃសំរេចគ្រប់ប្រភេទនាំចេញទៅសហរដ្ឋអាមេរិក, សហគមន៏អីរ៉ុប ។ល។ កំពង់ផែកំពតក៏មានតួនាទីសំខាន់ក្នុងការប្រមូលផ្តុំនាំចេញនូវផលិតផលកសិកម្មនៅតាមបណ្តាខេត្តជុំវិញទន្លេរសាប នៅពេលដែលកម្ពុជា សាងសង់ព្រែកជីកហ្វូណនតេជោ នៅពេលខាងមុខនេះផងដែរ។

មិនត្រឹមតែជួយជំរុញ និងលើកកម្ពស់ការនាំចេញនាំចូលនោះទេ កំពង់ផែនេះ ក៏នឹងជួយបង្កើនការងារនៅក្នុងខេត្តកំពត និងតំបន់ជុំវិញទៀតផង។ 

អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា តាមរយៈកំពង់ផែទឹកជ្រៅនេះ ក៏នឹងផ្តល់នូវការងារដល់ប្រជាជន ក្នុងខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ស្ពឺផងដែរ។

កំពង់ផែកំពតផតនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀតសម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា ជាពិសេស កំពង់ផែនេះ នឹងបម្រើដល់ការលើកដាក់ ដាក់ទំនិញទៅ កុងតឺន័រ និងអ្នកដំណើរជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖