ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំពីរគ្រឿងបុកគ្នាពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​និងមានអ្នករបួសធ្ងន់ស្រាល០៣នាក់

ចែករំលែក៖

​    ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយរថយន្តធុនធំចំនួនពីរគ្រឿងបានបុកគ្នាពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​និងបង្កឱ្យមនុស្ស០៣នាក់រងរបួសធ្ងន់និងស្រាល​ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ​ កាលពីរសៀលថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ​២០២៤​ នៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣​ កែងផ្លូវលេខ១០៤​ ក្នុងភូមិគងណយ​ សង្កាត់គងណយ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គេសង្កេតឃេីញរថយន្តម៉ាក​ហុីយ៉ាន់ដាយ​ ពណ៌ខៀវ​ លាយលឿង​ ពាក់ផ្លាក​លេខ​ កំពង់ឆ្នាំង​ 3A-0598 បេីកបរដោយបុរសម្នាក់​និងព្រូម្នាក់​ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០៤​ ក្នុងទិសដៅពីកេីតទៅលិច​ក្នុងល្បឿនលឿនល្មម​ និងបម្រុងឆ្លងកាត់ផ្លូវក្រវាត់ក្រុង​ ។ លុះឆ្លងបានបន្តិចស្រាប់តែមានរថយន្តម៉ាក​ NISSAN ប្រភេទបែនដឹកដី​ ពណ៌ក្រហម​ លាយខៀវ​ ពុំមានស្លាកលេខ​ បេីកបរដោយបុរសម្នាក់​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣​ ក្នុងទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន​និងមិនប្រយ័ត្ននៅចំណុចផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយ​ចំទ្វារពីចំហៀងខាងឆ្វេងពេញទំហឹង​ បណ្ដាលឱ្យរថយន្តហុីយ៉ាន់ដាយ​ ខូចខាតទ្វា​រមួយចំហៀង​ រីឯរថយន្តNISSAN​ បែនដឹកដីរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ។ ក្នុងករណីនេះដែរបានធ្វេីឲ្យតៃកុងរថយន្ត NISSAN គាបជេីងជាប់រងរបួសធ្ងន់​ ព្រមទាំងភាគីរថយន្តហុីយ៉ាន់ដាយ​រងរបួសស្រាល០២នាក់​ ។ 

​    ក្រោយកេីតហេតុភ្លាមៗ​ ប្រជាពលរដ្ឋបានទាក់ទងទៅក្រុមមន្ត្រីជំនាញឱ្យមកជួយគាស់ដឹកយកជនរងគ្រោះទៅសង្គ្រោះអាយុជីវិត​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក​ រង់ចាំភាគីទាំងពីរចូលខ្លួនដោះស្រាយតាមក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖