ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែល៖ ករណីបណ្តឹងរបស់អាហ្រ្វិកខាងត្បូងគឺប្រាសចាកពីការណ៍ពិត

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ ២០២៤បានឱ្យដឹងថា អ៉ីស្រាអែល បានឡើងការពារការចោទប្រកាន់ ជុំវិញលទ្ធភាពដែលអាចមានអំពើប្រល័យពូជសាសន៍ក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្កាហ្សា នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បន្ទាប់ពីអាហ្រ្វិកខាងត្បូងស្នើក្រុមចៅក្រមបង្គាប់ឱ្យអ៉ីស្រាអែលផ្អាកសកម្មភាពយោធានៅទីក្រុង Rafah ហើយដកទ័ពទាំងស្រុងចេញពីដែនដីប៉ាឡេស្ទីន។

ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំហុល្លង់ លោក Vusimuzi Madonsela បានស្នើ ICJ បង្គាប់អ៉ីស្រាអែលឱ្យដកកងទ័ពទាំងអស់ ចេញជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌពីទឹកដីប៉ាឡេស្ទីន។ ក្រុមអ្នកច្បាប់អាហ្រ្វិកខាងត្បូង បានកត់ត្រាប្រតិបត្តិការយោធាអ៉ីស្រាអែលជាផ្នែកនៃផែនការប្រល័យពូជសាសន៍ ដែលមានបំណងលុបបំបាត់ប្រជាជនប៉ាឡេស្ទីន។

មន្រ្តីក្រសួងយុត្តិធម៌អ៉ីស្រាអែល លោក Gilad Noam បានចាត់ទុកករណីបណ្តឹងរបស់អាហ្វ្រិកខាងត្បូង​ ដែលចោទអ៉ីស្រាអែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ គឺប្រាសចាកពីការណ៍ពិត និងកាលៈទេសៈ។ លោក Noam បញ្ជាក់ថា «បណ្តឹងរបស់អាហ្រ្វិកខាងត្បូងគឺប្រៀបបីដូចជាការប្រមាថមើលស្រាលចំពោះភាពសាហាវឃោរឃៅនៃអំពើប្រល័យពូជសាសន៍»។
នៅមុនពេលការឡើងការពារនេះ ក្រុមបាតុករគាំទ្រអ៉ីស្រាអែលរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅ ICJ ដោយលើករូបថតចំណាប់ខ្មាំងដែលត្រូវក្រុមហាម៉ាស់ចាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលានិងទាមទារឱ្យមានការដោះលែងពួកគេ៕ ដោយ៖ ធីរីណា

រូប​ថត​៖ thanhnien.vn


ចែករំលែក៖