ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់បន្តិចអ្វីទៅជា «បញ្ញាសិប្បនិម្មិត»?

ចែករំលែក៖

ភ្នំពេញ ៖ របកគំហើញវិទ្យាសាស្ត្រថ្មីៗជាច្រើននៅលើពិភពលោកយើងនេះដែលកើតចេញពីចំណេះដឹងនិងការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានកែប្រែសកលលោកយើងទាំងមូលពីសភាពបុរាណៗតរហូតមកដល់យុគសម័យនៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្នដែលវត្តមានកំព្យូទ័រ ឧបករណ៍ឆ្លាតវៃ ត្រូវបានគេសង្កេតឃើញនៅគ្រប់ទីកន្លែងពីការប្រើប្រាស់ក្នុងផ្ទះរហូតដល់ឧស្សាហកម្មវិទ្យាសាស្ត្រធំៗជាដើម។ ជាដៃគូនឹងកុំព្យូទ័រ អ្នកជំនាញបានរំកិលភាពច្នៃប្រឌិតរបស់ខ្លួនទៅមុខមួយកម្រិតទៀតដែលអាចបង្កើតបាននូវប្រព័ន្ធម្យ៉ាងហៅថា បញ្ញាសិប្បនិម្មិត (Artificial Intelligence)។ នេះជាការបញ្ជាក់ពីលោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ 

តើបញ្ញាសប្បនិម្មិតជាអ្វី (Artificial Intelligence)?

និយាយឱ្យខ្លី បញ្ញាសិប្បនិម្មិត (AI)គឺជាបញ្ញាទាំងឡាយណាដែលមនុស្សជាអ្នកបង្កើត។ យោងតាមនិយមន័យរបស់អ្នកស្រាវជ្រាវAI បញ្ញាសិប្បនិម្មិតសំដៅដល់គ្រឿងម៉ាស៊ីនទាំងឡាយណាដែលមានសមត្ថភាពអាចធ្វើការងាររបស់មនុស្សជំនួសមនុស្សបាន។ វាត្រូវបានគេរកឃើញនិងចាប់ផ្តើមយកមកប្រើប្រាស់ដំបូងនៅកំឡុងទសវត្សឆ្នាំ១៩៥០ ហើយការស្រាវជ្រាវក៏ចេះតែបន្តទៅមុខដោយយកសមត្ថភាពខួរក្បាលមនុស្សធ្វើជាមូលដ្ឋានគ្រឹះដូចជាការបញ្ចូលកម្មវិធីថ្មីៗ ការបង្រៀនឱ្យ AI ចេះដោះស្រាយបញ្ហាផ្សេងៗតាមរយៈកូដ Algorithm រហូតមកដល់ឆ្នាំ១៩៩៧ដែលជើងឯកលេងអុកពិភពលោកGarry Kasparovត្រូវចាញ់ក្រោមដៃ Deep Blue ជាបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន IBM។

ប្រភេទនៃបញ្ញាសិប្បនិម្មិត តាំងពីមានវត្តមាននៅក្នុងពិភពមនុស្សមកទល់សព្វថ្ងៃ AI ត្រូវបានគេបែងចែកចេញជា២ផ្នែកធំៗគឺប្រភេទទី១ ផ្អែកទៅលើសមត្ថភាព(Capability) និង ប្រភេទទី ២ ដោយផ្អែកទៅលើមុខងារ (Functionality)។

ប្រភេទទី១ ចែកចេញជា៣ប្រភេទមានដូចជា Artificial Narrow Intelligence, Artificial General Intelligence និង Artificial Super Intelligence

Artificial Narrow Intelligence: AI ប្រភេទនេះត្រូវបានគេផលិតឡើងដោយមានកំណត់ពីមុខងារនិងតួនាទីជាក់លាក់ ហើយវាផ្តោតសំខាន់តែលើមុខងារដែលគេកំណត់ឱ្យប៉ុណ្ណោះ ហើយវាមិនអាចធ្វើការហួសពីអ្វីដែលគេកំណត់បានទេ។ AI ប្រភេទនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពិភពបញ្ញាសិប្បនិម្មិតនាពេលបច្ចុប្បន្នដែលមានជាឧទាហរណ៍ដូចជា Siri របស់ក្រុមហ៊ុនApple ប្រព័ន្ធផ្តល់យោបល់(Suggestion)តាមរយៈSearch Engine ឬបណ្តាពាណិជ្ជកម្មអេឡិចត្រូនិចផ្សេងៗដែលមានវត្តមានសព្វថ្ងៃ ហើយសម្បីតែមុខងារដោះសោរដោយប្រើសម្លេងឬស្គែនមុខ ប្រស្រីភ្នែកសុទ្ធសឹងតែជាNarrow AI ទាំងអស់។ ទន្ទឹមនឹងនេះ អ្នកជំនាញក៏កំពុងរិះរកវិធីដើម្បីឈានមួយជំហានទៀតដើម្បីផលិត Artificial General Intelligence ដែលសមស្របទៅតាមលក្ខខណ្ឌដែលសន្មតថាល្អឥតខ្ចោះ “ Perfect”។

Artificial General Intelligence: បញ្ញាសិប្បនិម្មិតទូទៅជាប្រភេទបញ្ញាម្យ៉ាងដែលស្តាប់ទៅសាមញ្ញធម្មតា ប៉ុន្តែវាត្រូវការ Artificial Narrow Intelligence រាប់ពាន់ច្របាច់បញ្ចូលគ្នាទើបអាចលេចចេញជារូបរាង ហើយសព្វថ្ងៃនេះ ការផលិត AI ប្រភេទនេះនៅតែជាប្រស្នាសម្រាប់អ្នកវិទ្យាសាស្ត្រដោយវាមានត្រឹមតែជាទ្រឹស្តីតែប៉ុណ្ណោះ។ ហេតុអ្វី? ព្រោះវាចាំបាច់ត្រូវមានសមត្ថភាពខ្លាំងពូកែ និងសក្តានុពលបញ្ញាដូចមនុស្សសុទ្ធសាធ ដើម្បីអាចឱ្យពួកគេដោះស្រាយបញ្ហាទូទៅបាន។

Artificial Super Intelligence: AI ប្រភេទនេះគឺជាមេវគ្គបញ្ចប់នៅក្នុងអម្បូរបញ្ញាសិប្បនិម្មិតដែលអ្នកវិទ្យាសាស្ត្រអាចគិតដល់ ហើយមុននឹងឈានដល់ចំណុចនេះ បច្ចេកវិទ្យានៃមនុស្សជាតិត្រូវតែឆ្លងកាត់ការផលិតបានដោយជោគជ័យនូវបញ្ញាសិប្បនិម្មិតប្រភេទមុនៗសិន។ Artificial Intelligence មួយប្រភេទនេះអាចធ្វើឱ្យរាល់រូបភាពទាំងឡាយនៅក្នុងរឿងSci-fi ក្លាយជាការពិតបានប្រសិនបើមនុស្សអាចបង្កើតបានព្រោះថាវាមានសមត្ថភាពលើសសមត្ថភាពមនុស្សបានលើគ្រប់ផ្នែកទាំងក្នុងការសម្រេចចិត្ត ដោះស្រាយបញ្ហាផ្សេងៗ រុករករបកគំហើញ ស្រាវជ្រាវនិងស្វែងយល់នូវអ្វីដែលមនុស្សមិនអាចយល់បាន។ វាអាចធ្វើឱ្យពិភពលោកនេះក្លាយជាកន្លែងដែលពោរពេញដោយការរីកចម្រើន ហើយក៏អាចប្រែពិភពលោកទៅជាអវសាន្ដនៃមនុស្សដូចគ្នា អាស្រ័យលើមនុស្សជាអ្នកកំណត់។

ប្រភេទទី ២ ចែកចេញជា៤ប្រភេទធំៗដូចជា Reactive Machine, Limited Memory, Theory of Mind និងSelf-Awareness។

Reactive Machine: វាជាប្រភេទដែលសម្បូរជាងគេក្នុងចំណោមAIទាំងអស់បើគិតទៅលើមុខងារ។ 

Artificial Intelligence ប្រភេទនេះមានប្រតិកម្មឆ្លើយតបតែទៅនឹងស្ថានការឬបញ្ហាដែលដាក់ឱ្យភ្លាមៗ ហើយដោះស្រាយដោយប្រើរូបមន្តAlgorithmដែលគេចងតែប៉ុណ្ណោះដោយវាគ្មានផ្ទុកអង្គចងចាំដើម្បីផ្ទុកទិន្នន័យច្រើននោះទេ ជាឧទាហរណ៍ Deep Blue ដែលជាបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន IBM និងជាអ្នកយកឈ្នះជើងឯកលេងអុកពិភពលោកGarry Kasparov នេះឯង។

Limited Memory: បេសកកម្មដ៏វែងរបស់មនុស្សនៅក្នុងវិស័យវិស្វកម្មបញ្ញាសិប្បនិម្មិតទើបតែស្ថិតនៅចំណុច Limited Memory AI នេះប៉ុណ្ណោះ។ វាជាប្រភេទដែលមានផ្ទុកអង្គចងចាំ និងអាចរក្សាទុកទិន្នន័យហើយប្រើប្រាស់ទិន្នន័យទាំងនោះទៅលើការវិភាគទាំងអតីតកាល និងអនាគត។ លើសពីនេះ វាមានសមត្ថភាពក្នុងការអភិវឌ្ឍបានតាមរយៈការរៀនសូត្រពីអ្វីដែលវាជួបប្រទះ និងការចងAlgorithmរបស់មនុស្ស។ បច្ចេកវិទ្យា AI ប្រភេទនេះត្រូវបានគេយកទៅប្រើក្នុងឡានដែលបើកបរដោយស្វ័យប្រវត្តិដោយប្រព័ន្ធដំណើរការអាចចាប់យកទិន្នន័យពីស្ថានភាពជុំវិញខ្លួនអាចឱ្យវាបញ្ជាខ្លួនឯងបានពេលមានឧបសគ្គនៅខាងមុខ ហើយឡានប្រភេទនេះក៏ជាគម្រោងមួយរបស់ក្រុមហ៊ុនTeslaផងដែរ។

Theory of Mind : វាជាប្រភេទនៃAIដែលអាចមានសមត្ថភាពក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហាផ្សេងៗដូចគ្នាទៅនឹងមនុស្ស ហើយថែមទាំងអាចចងចាំនិងប្រើប្រាស់ទឹកមុខស្របទៅតាមស្ថានការណ៍បានថែមទៀតផង។ Sophia និង Han អាចជាផ្នែកមួយក្នុងពិភពនៃបញ្ញាសិប្បនិម្មិតដែលអាចឈានទៅរកចំណុចនៃ Theory of Mind ពេញលេញបានប្រសិនបើមានការសិក្សាស្រាវជ្រាវបន្ថែមទៀត។

Self-Awareness: មកដល់ចំណុចនេះ បញ្ញាសិប្បនិម្មិតមិនត្រឹមតែអាចស្វែងយល់ពីអារម្មណ៍របស់មនុស្សទេ ថែមទាំងអាចអភិវឌ្ឍអារម្មណ៍និងការគិតរបស់ខ្លួនដោយឯករាជ្យនិងមិនអាចវាស់ស្ទង់បាន ហើយពេលមកដល់ចំណុចនេះ វានេះហើយជាអ្នកកំណត់ថាត្រូវជួយមនុស្សឬបំផ្លាញមនុស្ស ដោយមានតែចាំមើលទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖