ភ្នំពេញ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះដែលធ្វេីសកម្មភាពចងក្រមាសម្រូតចុះពីផ្ទះជួលជាន់ទី២ហើយរបូតដៃធ្លាក់ចុះមកក្រោមរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវលេខ១០៥កែងផ្លូវលេខ៣៩០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះជាជនបរទេសបានយកក្រមាចងសម្រូតចេញពីក្នុងបន្ទប់របស់ខ្លួននៅជាន់ទីពីរដែលជាផ្ទះជួលដោយគ្មានស្លាកយីហោ រួចនារីរងគ្រោះក៏បានទម្លាក់ខ្លួនចុះតាមក្រមាមកក្រោម ស្រាប់តែរបូតដៃធ្លាក់មកក្រោមទើរលើសំយាបហើយក៏បន្តធ្លាក់មកខាងក្រោមបណ្តាលឱ្យរងរបួសធ្ងន់ ។ នៅពេលនោះដែរក៏មានបងបងដែលធ្វើដំណើរឆ្លងកាត់ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ក៏បានទាក់ទងទៅរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងដឹកយកនារីរងគ្រោះខាងលើទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ បើតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន អធិការនៃអធិការដ្ឋានខណ្ឌបឹងកេងកងបានប្រាប់អង្គភាពសាព័ត៌មាននគរវត្តនៅព្រឹកនេះឱ្យដឹងថា ជនរងគ្រោះខាងលើជានារីជនជាតិជប៉ុន។ ក្រោយពីនាងដឹងខ្លួនសមត្ថកិច្ចបានសួរទៅជនរងគ្រោះ តែនាងបានប្រាប់ថា ឱ្យខ្ញុំសុំទោសៗរង់ចាំមន្ត្រីស្ថានទូតជប៉ុនមកសិន៕
ដោយ៖សុខាសែនជ័យ