ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា សុផារ៉ា ដឹកនាំសមាជិកគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ប្រមាណ៣,៥០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ លោក ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មា ធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។

ពីធីនេះធ្វើឡើងនៅ ស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រជាជនថ្នាក់កណ្តាលលោក ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ រួមទាំងសមាជិកសមាជិកាគណបក្សដែលជាក្បាលម៉ាស៊ីន នៅទូទាំងខេត្តប្រមាណ៣,៥០០នាក់។ 

ក្នុងឳកាសនោះ សមាជិកទាំងមូល បានស្តាប់ និងយល់ជ្រួបជ្រាបនូវសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានចាក់ផ្សាយជូនអង្គពិធីទាំងមូល។ 

មានប្រសាសន៍ទៅកាន់សមាជិកសមាជិកាគណបក្សទាំងអស់លោកជា សុផារ៉ា បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបាន សម្រេចនូវស្នាដៃជាប្រវត្តិសាស្ត្រធំៗជាច្រើន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ 

លោក ជា សុផារ៉ា គូសបញ្ជាក់ថា ជ័យជម្នះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតនាពេលកន្លងទៅ ដោយសារតែអំពើល្អរបស់មន្ត្រីបក្ស មានថ្នាក់ដឹកនាំបក្សដែលពោរពេញដោយទេពកោសល្យ និងគតិបណ្ឌិត មានចក្ខុវិស័យវែង ឆ្ងាយ និងប្រកបដោយការទទួលខុសត្រូវ នៅជាប់នឹងប្រជាជន និងគណបក្សមានគោលនយោបាយដ៏ត្រឹម ត្រូវ ឆ្លើយតបនឹងតម្រូវការ និងបំណងពិតប្រាកដរបស់បងប្អូនប្រជាពលរដ្ឋ។

លោកជា សុផារ៉ា រំលេចថា យុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ គឺជាការបោះឆ្នោតអសកល និងមានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីភាពខ្លាំង និងភាពឈ្នះរបស់គណបក្ស ជាពិសេសការផ្សព្វផ្សាយអំពីគោលការណ៍ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ស្ថិតក្នុងឳកាសនោះលោកជា សុផារ៉ា បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅក្នុងខេត្តត្បូងឃ្មុំ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជា ជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកបន្តទៀត ចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តត្បូងឃ្មុំ។

ជាចុងក្រោយ ក្នុងនាមប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តត្បូងឃ្មុំលោក ជា សុផារ៉ា បានក្រើនរំលឹកដល់អង្គបោះឆ្នោត ត្រូវត្រៀមឯកសាររួចជាស្រេច និងពង្រឹងការថែរក្សាសុខភាពដើម្បីចូលរួមបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕

ដោយ៖ សូរិយា


ចែករំលែក៖