ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៧នាក់ ផ្ទះរាប់រយខ្នងគ្មានអគ្គិសនីប្រើប្រាស់ដោយសារខ្យល់ព្យុះនៅតិចសាស់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ក្រុមមន្ត្រីក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងនៅថ្ងៃសុក្រទី១៧ ខែឧសភានេះថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះនៅក្នុងទីក្រុង Houston នៃរដ្ឋ Texas បានកើនដល់ ៧នាក់ និងផ្ទះពលរដ្ឋរាប់រយខ្នងគ្មានអគ្គិសនីប្រើប្រាស់។
Houston ដែលជាទីក្រុងធំទី៤របស់សហរដ្ឋអាមេរិកបានរងការវាយប្រហារដោយព្យុះដែលនាំមកជាមួយភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់ក្នុងល្បឿន១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយបណ្ដាលឱ្យដើមឈើជាច្រើនដើមបាក់រលំ។ តាមក្រុមមន្ត្រីក្នុងទីក្រុង Houston អ្នកស្លាប់៣នាក់បន្ថែមទៀតនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងនោះមាន ស្ត្រីម្នាក់អាយុ៨៥ឆ្នាំ ដែលបានស្លាប់បន្ទាប់ពីផ្ទះចល័តរបស់គាត់ត្រូវបានរន្ទះបាញ់បង្កជាភ្លើងឆាបឆេះ។ ចំណែកជនរងគ្រោះម្នាក់ទៀតគឺជាស្ត្រីមានវ័យ៦០ឆ្នាំនិងបុរសម្នាក់អាយុ៥៧ឆ្នាំ។
សាលារៀននៅក្នុងទីក្រុង Houston ដែលមានប្រជាជនជាង ២.៣លាននាក់រស់នៅត្រូវបានបិទទ្វារជាបណ្ដោះអាសន្ននៅថ្ងៃសុក្រនេះ ហើយបុគ្គលិក មួយចំនួនត្រូវបានតម្រូវឱ្យសម្រាកនៅផ្ទះជាបណ្ដោះអាសន្ន៕

ដោយ៖ ធីរីណា(រូប​ថត​៖ CBS NEWS)


ចែករំលែក៖