ព័ត៌មានទាន់ហេតុការណ៍៖

នាវាកងទ័ពជើងទឹកចិនពីរគ្រឿងចូលចតធ្វើទស្សនកិច្ចពង្រឹងមិត្ដភាពនិងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មាននាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០២គ្រឿង គឺទី១-នាវាឈ្មោះ QI JIGUANG លេខ 83 ជាប្រភេទនាវាហ្វឹកហ្វឺន និងទី២-នាវាឈ្មោះ JINGGANG SHAN លេខ 999 ជានាវាបុកច្រាំង នាវាទាំងពីរគ្រឿងបានចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិ ក្រុងព្រះសីហនុ រយៈពេល០៥ថ្ងៃ (ថ្ងៃទី ១៩-២៣ ខែឧសភា) បំពេញទស្សនកិច្ចដើម្បីបង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីនាយនាវីទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ ។ 

លោកឧត្តមនាវីទោបន្តថា ៖ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមេបញ្ជាការ និងក្រុមនាវិកនាវាហ្វឹកហ្វឺនលេខ 83 និងនាវាបុកច្រាំងលេខ 999 នៃកងទ័ពរំដោះប្រជាជនចិនអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរទំនាក់ទំនងកងទ័ពទាំងពីរប្រទេស ។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនេះ ភាគីចិនអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ពិធីបដិសណ្ឋារកិច្ច ជប់លៀងលើនាវាបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបើកដំណើរការឱ្យសាធារណជនបានចូលទស្សនាផ្លាស់ប្តូរការសិក្សានិងវប្បធម៌ព្រមទាំងសកម្មភាពកីឡា ។

លោកបន្ថែមថា លក្ខណៈបច្ចេកទេស របស់នាវា គឺទី១- នាវាឈ្មោះ QI JIGUANG លេខ 83 (ជានាវាហ្វឹកហ្វឺន) ទម្ងន់ផ្ទុក ៩.០០០តោន មានបណ្ដោយជាង ១៦៥ម៉ែត្រ ទទឹងជាង ២២ម៉ែត្រ ជម្រៅទឹកជិត៧ម៉ែត្រ ល្បឿន២២គីឡូណត  និងទី២- នាវាឈ្មោះ JINGGANG SHAN លេខ 999 (ជានាវាបុកច្រាំង) ទម្ងន់ផ្ទុក ២៥.០០០តោន មានបណ្ដោយ ២១០ម៉ែត្រ ទទឹងជិត ៣០ម៉ែត្រ ជម្រៅ ទឹក៧ម៉ែត្រ ល្បឿន២៥គីឡូណត ។ នាវាទាំងពីរនេះមានប្រធានប្រតិភូ លោក ឧត្តមនាវីទោ SHAO SHUGUANG (សៅ ស៊ូគ័ង) អគ្គនាយក នៃវិទ្យាស្ថានបណ្ឌិត្យសភាកងទ័ពរំដោះប្រជាជនចិន DaDalia។ 

សូមបញ្ជាក់ថា ៖ កន្លងទៅ១សប្តាហ៍នេះ យោធាកម្ពុជា-ចិន ជាង២០០០នាក់បានធ្វេីសមយុទ្ធ«នាគមាស» នៅខេត្តកំពង់ឆ្នាំងនិងខេត្តព្រះសីហនុ ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌”។

យោងតាមកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងកងយោពលខេមរភូមិន្ទ នឹងកងទ័ពរំដោះប្រជាជនចិន បានរៀបចំធ្វើសមយុទ្ធយោធាមួយដែលមានឈ្មោះថា “នាគមាសឆ្នាំ២០២៤” ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នានិងការងារសង្គ្រោះមនុស្សធម៌”។ 

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅបានឱ្យដឹងថា ៖ សមយុទ្ធនាគមាសឆ្នាំ២០២៤នឹងប្រព្រឹត្តទៅរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៤ ធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤នេះ មានការចូលរួមពីកងទ័ពជើងគោកនិងកងទ័ពជើងទឹក ដោយកងទ័ពជើងគោកធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងកងទ័ពជើងទឹកធ្វើនៅសមុទ្រក្នុងខេត្តព្រះសីហនុ។ 

ចំពោះកម្លាំងចូលរួមធ្វើសមយុទ្ធមានចំនួនសរុប ២,០៧៥នាក់ ក្នុងនោះកងទ័ពភាគីកម្ពុជា ចំនួន ១៣១៥នាក់, កងទ័ពភាគីចិន ចំនួន ៧៦០នាក់។ 

ដោយឡែកគ្រឿងបំពាក់សម្រាប់ចូលរួមធ្វើសមយុទ្ធលើគោករួមមាន រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទសរុប ចំនួន ៦៩គ្រឿង រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារជាច្រើនឈុតទៀត។ 

ចំណែកសមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុបចំនួន១៤គ្រឿង និងឧទ្ធម្ភាគចក្រចំនួន២គ្រឿង។ ខ្លឹមសារនៃការធ្វើសមយុទ្ធនេះគឺ ការទប់ស្កាត់ដោយដ្រូន  ការស៊ើបការណ៍ដោយដ្រូន និងសង្គ្រាមបច្ចេកវិទ្យាយោធា។ 

សមយុទ្ធនេះ ក៏បានការអញ្ជើញបណ្តាប្រទេសក្នុងសមាគមអាស៊ានឱ្យចូលរួមផងដែរ ដើម្បីបង្ហាញពីលក្ខណៈនៃការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរ ៕ 

ដោយ ៖ សិលា


ចែករំលែក៖