ខេត្តមួយចំនួនរបស់កាណាដាបានកត់ត្រាការកើនឡើងនៃចំនួនសាកសពដែលមិនត្រូវបានសាច់ញាតិទៅទទួល ដោយការកើនឡើងថ្លៃបុណ្យសពគឺជាហេតុផលដែលពួកគេទុកសាកសពមនុស្សជាទីស្រលាញ់របស់ពួកគេចោល។
យោងតាមការប៉ាន់ស្មាន តម្លៃសរុបនៃពិធីបុណ្យសពនៅប្រទេសកាណាដាបានកើនឡើងដល់ប្រហែល 8,800ដុល្លារពីប្រហែល 6,000 ដុល្លារក្នុងឆ្នាំ1998 ។ នៅក្នុងខេត្ត Ontario ដែលជាខេត្តមានប្រជាជនច្រើនបំផុតរបស់ប្រទេសកាណាដា ចំនួនសាកសពដែលមិនត្រូវបានសាច់ញាតិទទួលបានកើនឡើងដល់ 1,183ករណី ក្នុងឆ្នាំ 2023 ពីចំនួន 242 ក្នុងឆ្នាំ 2013 នេះបើយោងតាមលោក Dirk Huyer ដែលជាប្រធានផ្នែកធ្វើកោសល្យវិច័យរបស់ខេត្តនេះ។
ក្នុងករណីភាគច្រើន សាច់ញាតិត្រូវបានកំណត់អត្តសញ្ញាណ ប៉ុន្តែមិនអាចទទួលសាកសពដោយហេតុផលផ្សេងៗ ដែលភាគច្រើនកើតឡើងដោយសារឧបសគ្គផ្នែកហិរញ្ញវត្ថុ។
លោក Huyer បាននិយាយថា “វាពិតជាសោកស្ដាយខ្លាំងណាស់ នៅពេលដែលមនុស្សម្នាក់បានទទួលមរណភាព ហើយគ្មាននរណាម្នាក់ ក្រុមគ្រួសារ មិត្តភក្តិ ឬអ្នកដទៃទៀត ដែលអាចរៀបចំពិធីបុណ្យបន្ទាប់ពីពួកគេស្លាប់”។
បុគ្គលិកការិយាល័យរបស់គ្រូពេទ្យអាចចំណាយពេលជាច្រើនសប្តាហ៍ដើម្បីស្វែងរកសាច់ញាតិ។ ប្រសិនបើសាច់ញាតិបញ្ជាក់ថា មិនអាចទទួលសាកសពបានទេ អាជ្ញាធរមូលដ្ឋាននឹងសហការជាមួយគេហដ្ឋានរៀបចំពិធីបុណ្យសពសាមញ្ញ។ ទន្ទឹមនឹងនោះ សាកសពត្រូវបានរក្សាទុកនៅក្នុងកន្លែងបញ្ចុះសព ឬកន្លែងរក្សាទុក៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)