ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ឆ្នាំ២០២៤ចំនួន៣ខណ្ឌ គឺខណ្ឌឫស្សីកែវ ជ្រោយចង្វា និងខណ្ឌព្រែកព្នៅ ចំនួនជាង១០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងពីការកោតសរសើរចំពោះក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ សង្កាត់ ដែលបានបំពេញការងារបានយ៉ាងល្អក្នុងការជួយប្រជាពលរដ្ឋដែលបានធ្វើឱ្យគណបក្សប្រ ជាជនកម្ពុជាទទួលបានជ័យជម្នះរហូតក្នុងការបោះឆ្នោត ហើយនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃទី២៦ឧសភាខាងមុខនេះ សមាជិក សមាជិកានឹងបោះឆ្នោតជូនគណបក្សប្រ ជាជនកម្ពុជាអោយទទួលបានជ័យជម្នះបន្តទៀត។
លោក ឃួង ស្រេង បានលើកឡើងថា តួនាទីរបស់យើងគឺត្រូវមើលថែគ្នា ដោយគណបក្សប្រជាជនកម្ពុជាជាមហាគ្រួសារ មានទុក្ខគឺត្រូវតែជួយគ្នា យើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះគ្នា។ អ្វីដែលសំខាន់គឺក្តាប់ព័ត៌មានអោយបានច្បាស់ មានបញ្ហាអ្វីយើងអាចជួយគ្នាបានទាន់ពេល។
លោកបានបញ្ជាក់ថា៖ រថយន្តខូចអាចទុកចោលបាន តែមនុស្សឈឺហើយគឺមិនអាចទុកចោលនោះទេ ត្រូវតែជួយសង្គ្រោះអោយបានទាន់ពេលវេលាបើមិនអ៊ីចឹងទេ នឹងអាចស្លាប់បាន។ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺថ្កាត់ខ្វះលទ្ធភាពក្នុងការព្យាបាល ទោះយប់ឬថ្ងៃក៏ដោយសុំទាក់ទងមកលោកភ្លាមៗ ដើម្បីរិះរកវិធីដោះស្រាយឬសង្គ្រោះអោយបានទាន់ពេលវេលា។
លោកបញ្ជាក់បន្តទៀតថា៖ កាលបោះឆ្នោតព្រឹទ្ធសភាយើងទទួលបានជោគជ័យ ដោយគណបក្សផ្សេងគេក៏បោះឆ្នោតអោយយើងដែរ នោះដោយសារគេគោរពស្រលាញ់ពីការដឹកនាំប្រទេសជាតិរបស់សម្តេចតេជោហ៊ុន សែនល្អធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជឿនលឿន៕
ដោយ ៖ សំរិត