ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការចងចាំនូវប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា  ៖ ការចងចាំនូវប្រវត្តិសាស្រ្តពិតប្រាកដមិនមែនដើម្បីចាំនូវអំពើអាក្រក់នៃភាពខ្មៅងងឹតនៃប្រវត្តិសាស្រ្តនោះទេ ប៉ុន្តែដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមសាជាថ្មីម្ដងទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ពិតណាស់តុលាការនៃអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជាបានកាត់ទោសមេដឹកនាំនៃរបបខ្មែរក្រហមទាំងនោះរួចហើយកាលពីឆ្នាំ១៩៧៩ ក៏ប៉ុន្តែការស្វែងរកយុត្តិធម៌ដែលមានការទទួលស្គាល់ជាអន្តរជាតិគឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការបង្កើតប្រវត្តិសាស្រ្តរួមនៃអំពើប្រល័យពូជសាសន៍សម្រាប់ទាំងអស់គ្នាដោយមិនប្រកាន់និន្នាការនយោបាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញ «បើកសន្និសីទស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ 

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូប មិនអាចបំភ្លេចបាននូវការឈឺចាប់ បង្កឡើងដោយពួកបនប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។

រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ពួកខ្មែរក្រហម បានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ អស់ជាង ២លាននាក់ ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការនិងអំពើអមនុស្សធម៌ផ្សេងៗទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធសង្គម ស្ទើរគ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖