កោះ Ilha da Queimada Grande (ត្រូវបានគេស្គាល់ផងដែរថាជាកោះពស់) នៅក្នុងប្រទេសប្រេស៊ីលគឺជាកន្លែងតែមួយគត់នៅលើផែនដីដែលពស់វែកក្បាលលឿងអាចត្រូវបានរកឃើញនៅទីនោះ។ ពិសនៃពស់ “មរណៈ” នេះធ្វើសកម្មភាពយ៉ាងលឿន មានន័យថា ត្រូវពស់ចឹកភ្លាមអាចស្លាប់ភ្លាម។
ស្ថិតនៅចម្ងាយប្រហែល 93 គីឡូម៉ែត្រពីទីប្រជុំជន Sao Paulo ប្រទេសប្រេស៊ីល កោះ Ilha da Queimada Grande ត្រូវបានគេស្គាល់ផងដែរដោយឈ្មោះហៅក្រៅដ៏ល្បី “កោះពស់” ។ នេះក៏ព្រោះតែកោះនេះមានទំហំប្រហែល ៤៣ ហិកតាប៉ុណ្ណោះ ប៉ុន្តែសម្រាប់រាល់ម៉ែត្រការ៉េនៅលើកោះមានពស់ ១ – ៥ ក្បាល រួមទាំងពស់វែកក្បាលពណ៌លឿងផងដែរ។ នៅលើផ្ទៃដី ៤៣ម៉ឺនម៉ែត្រការ៉ែ មានពស់យ៉ាងតិច ២,១៥លានក្បាល។
យោងតាមអ្នកជំនាញ ក្នុងចំណោមពស់ពិសដ៏គ្រោះថ្នាក់ដែលរស់នៅលើកោះ Ilha da Queimada Grande សត្វដែលខ្លាចបំផុតគឺពស់វែកក្បាលលឿង (Bothrops insularis)។ ពស់ទាំងនេះនីមួយៗអាចមានប្រវែងដល់ទៅ 1.2 ម៉ែត្រ នៅពេលវាពេញវ័យ។
សត្វពស់វែកក្បាលលឿងនេះមានគ្រោះថ្នាក់ខ្លាំងណាស់ដែលកងទ័ពជើងទឹកប្រេស៊ីលបានហាមប្រាមមនុស្សឡើងកោះនេះតាំងពីទសវត្សរ៍ឆ្នាំ១៩២០។ យោងតាមអ្នកជំនាញ វត្តមានរបស់ពស់វែកក្បាលលឿងទំនងជាលទ្ធផលនៃការកើនឡើងកម្ពស់ទឹកសមុទ្រ។
ប្រហែល 10,000 ឆ្នាំមុន កោះពស់ធ្លាប់ជាផ្នែកមួយនៃប្រទេសប្រេស៊ីលដីគោក ប៉ុន្តែនៅពេលដែលកម្រិតទឹកសមុទ្រកើនឡើង វាបានបំបែកចេញពីគ្នា ហើយប្រែក្លាយទៅជាកោះសព្វថ្ងៃនេះ។
ពស់វែកក្បាលលឿងបានសម្របខ្លួនយ៉ាងរហ័សទៅនឹងលក្ខខណ្ឌនៅលើកោះ។ សូម្បីតែពិសរបស់វាក៏វិវត្តន៍ដើម្បីសម្លាប់សត្វដែលជាប់នៅលើកោះពស់ នៅពេលដែលកម្រិតទឹកសមុទ្រកើនឡើង ហើយសត្វស្លាបបានធ្វើចំណាកស្រុក។ ពស់វែកក្បាលលឿងមិនមានសត្រូវគ្រោះថ្នាក់ទេនៅលើកោះនេះឡើយ ដូច្នេះពិសរបស់វាត្រូវបានប្រើសម្រាប់បរបាញ់ជំនួសឱ្យការការពារខ្លួន៕
ដោយ៖ ធីរីណា(រូបថត៖ kienthuc)