ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ ២០-៣០ ឆ្នាំខាងមុខ យើងនឹងលែងមានសាក្សីរស់ទៀតហើយ គឺមានតែពឹងលើឯកសារប្រវត្តិសាស្ត្រដែលទាមទារឱ្យមានការបកស្រាយច្បាស់លាស់និងមានការឯកភាពគ្នា ។
សូមបញ្ជាក់ថា ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកសន្និសីទស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នអ្នកដែលរងគ្រោះដោយផ្ទាល់និងធ្លាប់ឆ្លងកាត់សង្រ្គាមគឺជាសាក្សីរស់ ដែលយើងអាចដឹងពីតថភាពនិងការវិត្តនៃសង្គមរបស់យើងនៅពេលនោះ ប៉ុន្តែនៅ ២០-៣០ឆ្នាំខាងមុខ អត់មានទេ គឺមានតែការរៀនសូត្រពីឯកសារប្រវត្តិសាស្ត្រប៉ុណ្ណោះ។ ដូច្នេះយើងចាំបាច់ត្រូវមានការឯកភាពគ្នាទៅលើឯកសារ និងការបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីឱ្យកូនខ្មែរបានយល់ច្បាស់ និងចងចាំច្បាស់ដោយគ្មានភាពស្រពិចស្រពិលអំពីប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអប់រំពីអំពើប្រល័យពូជសាសន៍ក៏ជាយន្តការទប់ស្កាត់អំពីប្រល័យពូជសាសន៍បានដែរ ដោយយើងត្រូវធានាឱ្យបាននូវការថែរក្សាទិដ្ឋភាពរូបវ័ន្ត និងអរូបីយនៃប្រវត្តិសាស្រ្តដោយរក្សានូវទីតាំងឧក្រិដ្ឋកម្មនិងភស្តុតាងនានា ក៏ដូចជាការនិទានប្រវត្តិសាស្រ្តដោយផ្ទាល់ ហើយយើងក៏ខិតខំផ្សព្វផ្សាយពីការពិតដ៏សែនលំបាកទាំងនេះទៅកាន់មនុស្សជំនាន់ក្រោយផងដែរ។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរៀនមុខវិទ្យាប្រវត្តិសាស្ត្រមួយនេះត្រូវដាក់បញ្ចូលយ៉ាងត្រឹមត្រូវនៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋនិងឯកជន ដោយរាប់ចាប់ពីអនុវិទ្យាល័យដល់សាកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់ត្រូបចូលរួមជាកម្លាំង ដើម្បីផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងសាលារៀនទូទាំងប្រទេស។ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ កម្ពុជាសំខាន់បំផុតគឺត្រូវតែការពារសន្ដិភាពដែលសម្រេចបានមកដោយលំបាកឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ហើយអនាគតមេដឹកនាំកម្ពុជាត្រូវជៀសវាងពីការចូលរួមផែនការនយោបាយដែលជំរុញការផ្លាស់ប្ដូររបបដោយវិធីសាស្ត្រមិនប្រជាធិបតេយ្យ ហើយត្រូវតែប្រកាន់ខ្ជាប់នូវមនសិការនៃការទទួលខុសត្រូវ ក្នុងការពារសន្ដិភាពឱ្យខាងតែបាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ពេលដែលប្រទេសមានសង្គ្រាមគ្មានឡើយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដូច្នេះគឺជាការទទួលខុសត្រូវរបស់រដ្ឋ និងប្រជាជនទាំងអស់គ្នាក្នុងការពារសន្ដិភាព និងក្នុងការឱ្យតម្លៃដល់សន្ដិភាពដែលសម្រេចបានមកជាមួយនឹងលះបង់មិនអាចកាត់ថ្លៃបាននេះ។ សម្ដេចបន្តថា៖ «មិនត្រូវភាន់ច្រលំថា សន្ដិភាព បានមកដោយឯកឯងនោះទេ»។ សម្ដេចធិបតីបន្ថែមថា ៖ តាមរយៈការរៀនសូត្រពីមេរៀនកម្ពុជា សហគមន៍អន្តរជាតិចាំបាច់ត្រូវដាក់របាំងការពារប្រឆាំងនឹងការប៉ុនប៉ងណាមួយ ដែលអាចបង្កឱ្យមានការកើតឡើងនៃសង្គ្រាមត្រជាក់សាជាថ្មី ហើយចុងក្រោយរុញច្រានឱ្យមានជម្លោះផ្អែកលើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
សម្ដេចធិបតីមានប្រសាសន៍ថា ៖ ប្រទេសទាំងអស់ គួរតែធ្វើការរួមគ្នាដើម្បីរក្សាសន្ដិភាពដែលមានស្រាប់ និងស្វែងរកការសន្ទនាដោយសន្ដិវិធីដើម្បីបញ្ចប់សង្គ្រាមដែលកំពុងកើតឡើងសំដៅឱ្យបាន នូវការបាត់បង់ជីវិតជនស៊ីវិល ក្រោមទម្រង់ណាមួយនៃអំពើប្រល័យពូជសាសន៍។
សូមរំលឹកថា ៖ កម្ពុជា មានសន្តិភាព ពេញលេញ បាននឹងកំពុង អភិវឌ្ឍលើគ្រប់វិស័យ ហើយយើងទាំងអស់គ្នា ត្រូវចូលរួមការពារ សន្តិភាព ៕
ដោយ ៖ សិលា