ព័ត៌មានទាន់ហេតុការណ៍៖

យុវជនសង្គមស៊ីវិលគាំទ្រការបង្កើតច្បាប់ផ្តន្ទាទោសអ្នកនិយាយថា «កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមយុវជនសង្គមស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ស្នើឱ្យបង្កើតច្បាប់ដាក់ទោសជនណា និយាយថា – កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ! កម្ពុជាមុននឹងមានថ្ងៃនេះបានរងគ្រោះព្រោះរបបខ្មៅងងឹងស្នើបាត់បង់ ប្រទេស។ ទម្រាំមានសន្តិភាព និងការអភិវឌ្ឍន៍ មិនមែនជារឿងងាយ និងចៃដន្យឡើយ ដូច្នេះប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំ មិនអាចបំភ្លេចបាន ចំពោះសោកនាកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ប្រវត្តិសាស្ត្រមិនអាចក្រឡៃមិនបំផ្លេចបាននោះ ទេ ជនរងគ្រោះជាង៣លាននាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍នេះ។

ប្រជាជនកម្ពុជារួមនឹងពិភពលោកបានដឹងយ៉ាងច្បាស់ អំពីកត្តាសុខសន្តិភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺកម្ពុជាបាន ឆ្លងកាត់ការឈឺចាប់ ជូរចត់ឥតល្ហែស្ទើតែបាត់បង់ប្រទេសជាតិ។ ប៉ុន្តែជាអកុសលមានជនឆ្លៀតឱកាស ឬអ្នកនយោបាយជ្រុលនិយម តែងតែសាបព្រោះនូវមនោគមវិជ្ជាខ្មៅកខ្វក់ ធ្វើប្រជាភិថុតភូតភរ បណ្តុះមនសិការទុច្ចរិចកេងចំណេញនយោបាយ បំភ្លៃប្រវត្តិ សាស្ត្រ ដើម្បីតែបំពេញមហិច្ឆិតារបស់ពួកគេ។ ក្នុងឱកាសប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យ បង្កើតច្បាប់ផ្តន្ទាទោសអ្នកនិយាយថា “កម្ពុជាគ្មានរបបប្រល័យពូជសាសន៍! បណ្ដុំអង្គការសមាគមសង្គមស៊ីវិល រួមទាំងយុវជន ប្រជាជនខ្មែរ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងឲ្យអ្នកច្បាប់នៅក្នុងប្រទេសកម្ពុជារៀបចំបង្កើតច្បាប់នេះ ដើម្បី ដាក់ទោសចំពោះជនណាដែលចង់បំភ្លៃប្រវត្តិសាស្ត្រ។ ក្នុងនាមជាយុវជនជំនាន់ក្រោយពិតជាមិនអាចបំភ្លេចបានទេនូវការលះបង់ របស់ឥស្សរជនខ្មែរជាច្រើនដែលបានពលីជីវិត ប្តូរយកសន្តិភាព ការពារប្រទេសជាតិ និងប្រជាជន ជាពិសេសគុណូបការៈដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាន យកសាច់ស្រស់ ឈាមស្រស់ ប្តូរយកសន្តិភាព ការអភិវឌ្ឍ ឯកភាពជាតិពេញលេញ សម្រាប់ប្រជាជាតិទាំងមូល។

ជាចុងក្រោយយើងខ្ញុំសូមអំពាវនាវដល់ ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងយុត្តិធម៌ និងក្រុមអ្នកច្បាប់ សូមពិនិត្យរៀបចំ តាក់តែងច្បាប់ផ្តន្ទាទោសទណ្ឌចំពោះអ្នកនិយាយថា “កម្ពុជាគ្មានរបបប្រល័យពូជសាសន៍! ដើម្បីកុំឱ្យរបបនេះវិល ត្រឡប់មកវិញម្តងទៀត ហើយបង្ការកុំឲ្យមានជនឆ្លៀតឱកាសជ្រុលនិយមបំភ្លៃប្រវត្តិសាស្ត្ររបស់កម្ពុជា។ យើងខ្ញុំ ជាយុវជនខ្មែរ សិស្ស និស្សិត បញ្ញវន្ត ពលរដ្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមគាំទ្រយ៉ាងពេញទំហឹងឲ្យមានច្បាប់ដាក់ទោសជនណា ដែលនិយាយថា “កម្ពុជាគ្មានរបបប្រល័យពូជសាសន៍»៕

ដោយ ៖ សិលា


ចែករំលែក៖