ព័ត៌មានទាន់ហេតុការណ៍៖

វត្តព្រៃឆ្លាក់ ប្រារព្ធពិធី បុណ្យវិសាខបូជា ដើម្បីរំលឹកដល់ថ្ងៃ មហា មង្គលអភិលក្ខិតសម័យទាំង៣កាល នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ព្រះសច្ចកល្យាណោ យ៉ន សុខសាន្តចៅអធិការវត្ត ព្រៃឆ្លាក់ ព្រះសង្ឃ អាចារ្យ គណៈកម្មការ រួមទាំងពុទ្ធបរិស័ទជើងវត្តព្រៃឆ្លាក់ ទាំងមូល បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆន្ទ ប្រារព្ធពិធី បុណ្យវិសាខបូជា ដើម្បីរំលឹកដល់ថ្ងៃ មហា មង្គលអភិលក្ខិតសម័យទាំង៣កាលគឺ៖

១-ទ្រង់ប្រសូតចាកឧទរនៃព្រះមាតា នៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ ។

២-ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណនៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំរការវេលាជិតភ្លឺ ។

៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វាននៅថ្ងៃអង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ វេលាបច្ចុសស។

ជាក់ស្តែង នាព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២៤  លោកស្រី ឈុនសារឹម លោក ទុំសារ៉ាវុធ និងក្រុមគ្រួសារនិងបងប្អូនពុទ្ធបរិស័ទជើងវត្តព្រៃឆ្លាក់បានអញ្ជើញចួលរួមបុណ្យ វិសាខបូជា ព្រមទាំងមានព្រះសង្ឃ១០០អង្គ គោចរ និមន្ត បិណ្ឌបាតក្នុងបរិវេនវត្តព្រៃឆ្លាក់និងពេលរសៀលមាន ដង្ហែវិសាខបូជាប្រទក្សិណក្នុងបរិវេណវត្តព្រៃឆ្លាក់ វេលាម៉ោង៥ល្ងាច នមស្ការគុណព្រះរតនៈត្រ័យ, សមាទានសីល, ចម្រើនព្រះបរិត្ត, សម្តែងព្រះធម៌ ទេសនា, ប្រកាសវិសាខបូជា.ពុទ្ធាភិសេក, បូជាប្រទីប ១០០០ដួង បាញ់កាំជ្រួច និងមានច្រៀងចាប៉ីដងវែង និងពេលយប់ព្រះសច្ចកល្យាណោ យ៉ន សុខសាន្ត ព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ ដឹកនាំ ព្រះសង្ឃ និងពុទ្ធបរិស័ទ,សមាធិអប់រំចិត្ត, សន្ទនាព្រះធម៌,ស្វាធ្យាយព្រះធម៌, សូត្រធម៌បទ,និងផ្សាយមេត្តាធម៌ កម្ម វិធីរហូតទល់ភ្លឺផងដែរ។

ព្រះសច្ចកល្យាណោ យ៉ន សុខសាន្ត ចៅអធិការវត្ត ព្រៃឆ្លាក់ មានសង្សដីកាពិធីបុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយនៃព្រះពុទ្ធសាសនា ខណៈដែល ប្រទេសកម្ពុជាមានប្រជាជនជាង៩០ភាគរយកាន់ព្រះពុទ្ធសាសនា និងមានចែងក្នុងរដ្ឋធម្មនុញ្ញថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ផងនោះ ពិធីបុណ្យវិសាខបូជា ក៏ត្រូវបាន កំណត់ថា ជាថ្ងៃបុណ្យជាតិ ដោយទទួលបានការឈប់សម្រាកមួយថ្ងៃ។

ដោយឡែកមិនមែនសម្រាប់កម្ពុជាទេនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ មានប្រទេស ជិត ២០០ ប្រទេស ដែលជា សមាជិក នៃ អង្គការសហប្រជាជាតិបានអនុម័ត និង ទទួលស្គាល់ វិសាខបូជា ជាបុណ្យ អន្តរជាតិទៀតផង។

ឆ្នាំនេះ បុណ្យវិសាខបូជាថ្ងៃ១៥កើតពេញបូណ៌មី ឆ្នាំថោះ ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃពុធទី២២ ខែឧសភា ឆ្នាំ២០២៤ ។តាមការស្រាវជ្រាវឃើញថា ការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេ គឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើនរយឆ្នាំ។ ប្រទេសឥណ្ឌា និង ប្រទេស លង្កា បានប្រារព្ធពិធីបុណ្យនេះ ពីយូរលង់ណាស់មកហើយ ៕

ដោយ៖ សុថាន


ចែករំលែក៖