ព័ត៌មានទាន់ហេតុការណ៍៖

៤ខែដំបូងឆ្នាំនេះកម្ពុជា ទទួលបានចំណូលពីការនាំ ចេញកៅស៊ូជាង ៤០០លានដុល្លារ កើនឡើងជិត៩៥%

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ៤ខែដំបូងឆ្នាំ ២០២៤នេះ កម្ពុជា ទទួលបានចំណូលពីការ នាំចេញផលិតផល និងជ័រកៅស៊ូ មានតម្លៃទឹកប្រាក់សរុបចំនួន ៤០២លានដុល្លារអាម៉េរិក បានកើនឡើង ៩៤,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។

ទិន្នន័យដដែលបានបង្ហាញទៀតថា និន្នាការកើនឡើងនៃតម្លៃនាំចេញកៅស៊ូរបស់កម្ពុជា បានចាប់ផ្តើមនៅចុងឆ្នាំ ២០២២ បន្តដល់ឆ្នាំ ២០២៤នេះ បន្ទាប់ពីមានការធ្លាក់ចុះនៃការផលិតកៅស៊ូធម្មជាតិនៅទូទាំងពិភពលោក ដែលធ្វើឲ្យថ្លៃកៅស៊ូកើនឡើង។

ទន្ទឹមនឹងនេះ តម្រូវការជ័រកៅស៊ូ នៅក្នុងស្រុករបស់ប្រទេសកម្ពុជា ក៏កំពុងមាននិន្នាការកើនឡើងជាបណ្តើរៗផងដែរ ដែលខុសកាលពីមុនប្រទេសនេះ បាននាំចេញជ័រកៅស៊ូស្ទើរទាំង ស្រុងទៅទីផ្សារក្រៅប្រទេស ខណៈ បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្តចំនួន ៣កន្លែង ក្នុងនោះគឺ រោងចក្រទី ១ ស្ថិតនៅខេត្ត ស្វាយរៀង, រោងចក្រទី ២ ស្ថិតនៅខេត្តព្រះសីហនុ និងរោងចក្រទី ៣ស្ថិតនៅខេត្តក្រចេះ ដោយរោងចក្រទាំង នេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន។

នៅដើមឆ្នាំ២០២៤នេះ ទីផ្សារកៅស៊ូធម្មជាតិពិភពលោក បានកើនឡើងគួរឱ្យកត់សម្គាល់នៃតម្លៃ ដែលជំរុញដោយអន្តរកម្មដ៏ស្មុគស្មាញនៃកត្តាដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ ក៏ដូចជាតម្រូវការ។ ម៉្យាងទៀត មានកត្តាជាច្រើនក្នុងដំណើរការរួមគ្នាដើម្បីជំរុញឱ្យមានការកើនឡើងនៃតម្លៃនេះ រួមទាំងតម្លៃប្រេងឆៅខ្ពស់ ការកើនឡើងនៃតម្រូវការពីឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិន និងការព្រួយបារម្ភលើការរំខានទាក់ទងនឹងអាកាសធាតុនៅក្នុងតំបន់អាស៊ីខាងត្បូង។

តាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យ ដឹងថា ក្នុងឆ្នាំ ២០២១ កម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង ៤០ម៉ឺនហិកតា។ កម្ពុជាក៏មានរោងចក្រកែច្នៃកៅស៊ូ និងមជ្ឈមណ្ឌលសិប្បកម្មចំនួន ១៦៨ ក្នុងខេត្តចំនួន ១១។ កំពង់ធំ ជាខេត្តដែលផលិតកៅស៊ូនាំមុខគេក្នុងប្រទេសកម្ពុជា មានផ្ទៃដីដាំដំណាំសរុបចំនួន ១៥,៤% បន្ទាប់ មកខេត្តមណ្ឌលគិរី ៨,៤% និងស្ទឹងត្រែង ៤,២%។

គួរបញ្ជាក់ថា ទីផ្សារនាំចេញកៅស៊ូសំខាន់ៗរបស់កម្ពុជា រួមមាន៖ វៀតណាម,ចិន,ម៉ាឡេស៊ី,សិង្ហបុរី,ឥណ្ឌា និងសហភាពអឺរ៉ុប។ ក្នុងនោះប្រទេសកម្ពុជា រកចំណូលបាន ៩១៩លានដុល្លារអាម៉េរិក ពីការនាំចេញកៅស៊ូ និងកៅស៊ូផលិតផលធ្វើអំពីកៅស៊ូ ក្នុងឆ្នាំ២០២៣ ដែលកត់ ត្រាកំណើន ៦៩,៦ភាគរយ បើធៀបនឹងឆ្នាំ ២០២២៕

ដោយ៖ សូរិយា


ចែករំលែក៖