ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញ​ផ្លូវ​ឆ្ពោះទៅ​ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ថ្លែង​កោតសរសើរដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងស្ថាប័នពាក់ព័ន្ធដែលបានខិតខំធ្វើឱ្យសម្រេចបាននូវផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤-២០៣៥ រហូតឈានដល់ការដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ។

-សម្តេចធិបតី ថ្លែង​បញ្ជាក់ជាថ្មីថា សម្រាប់អាណត្តិទី៧នេះ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មូលធនមនុស្សគឺជាកត្តាអាទិភាពទី១ ហើយដើម្បីឱ្យមូលធនមនុស្សដែលល្អ គឺត្រូវមានសុខភាពល្អជាចំបង និងដើម្បីទទួលបានសុខភាពល្អ គឺរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់មុនគេនៅលើការផ្ដល់សេវាសុខភាពល្អទៅដល់ប្រជាពលរដ្ឋ។

-សម្តេចធិបតី ថ្លែង​ថា ក្នុងរយៈពេល៤០ឆ្នាំមកនេះ គឺរាជរដ្ឋាភិបាល បានធ្វើការវិនិយោគច្រើនណាស់លើសុខាភិបាល ពោលគឺរហូតដល់ជាង ៥០០លានដុល្លារ អាមេរិកឯណោះ។

-សម្តេចធិបតី ប្រកាស​អំពាវនាវដល់ស្ថាប័នតុលាការយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះករណីក្រុមក្មេងទំនើង។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានអំពាវនាវដល់ឪពុកម្ដាយ និងអ្នកអាណាព្យាបាលចូលរួមពង្រឹងតាមដាន និងអប់រំកូនចៅឱ្យបានល្អ។

-សម្តេចធិបតី ថ្លែង​ថា គោលដៅរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ គឺធ្វើយ៉ាងណាធ្វើឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវាឱ្យប្រជាពលរដ្ឋ ២៤ម៉ោង ក្នុង១សប្ដាហ៍ពេញតែម្ដង។

-សម្តេចធិបតី ថ្លែង​ថា ដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤-២០៣៥ គោលដៅ គឺកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋឱ្យបានយ៉ាងហោចអត្រាចំណាយពីហោប៉ៅលើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥ ភាគរយនៃចំណាយសរុបលើវិស័យសុខាភិបាល។

-សម្តេចធិបតី ថ្លែង​ថា ក្នុងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានចំណាយថវិកានៅក្នុងការគាំពារសង្គមសរុបចំនួន ៣៧១៥ ប៊ីលលានរៀល ស្មើនឹងប្រមាណ ៩២៩ លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋគោលដៅនៅទូទាំងប្រទេសប្រមាណ ៤ លាន ៧សែននាក់ ដោយបានអនុវត្តទៅលើកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមនានា សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។

-សម្តេចធិបតី ប្រកាស​អំពាវនាវដល់មិត្តបរទេស ជាពិសេសប្រទេសប្រជាធិបតេយ្យ បើចង់ពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា សូមពង្រឹងការអនុវត្តច្បាប់គ្រប់គ្នា ជាពិសេសការគោរពច្បាប់ មិនអាចបុគ្គលនោះជាសកម្មជនបក្សប្រឆាំង អាចមានសិទ្ធិធ្វើអ្វីល្មើសច្បាប់បាននោះទេ។

-សម្តេចធិបតី ថ្លែង​ថា មិត្តបរទេស មិនគួរជួយ ឬមួយលើកទឹកចិត្តអ្នកខុសនោះទេ ប៉ុន្ដែគួរតែជួយណែនាំគាត់កុំឱ្យដើរហួសព្រំដែននៃច្បាប់។ ហើយមិត្តបរទេសមុននឹងវាយតម្លៃលើបុគ្គលនោះជានរណា តែគួរវាយតម្លៃលើថា តើបុគ្គលនោះធ្វើអ្វី។

-សម្ដេចធិបតី​ ថ្លែង​ថា វិស័យសុខាភិបាល គឺជាវិស័យនាំមុខដែលរាជរដ្ឋាភិបាលបានចំណាយលើការវិនិយោគច្រើនជាងគេ ដែលជាក់ស្ដែងក្នុងឆ្នាំ២០២៣ រដ្ឋបានបង្កើនថវិកាប្រមាណ ៥៧៣លានដុល្លារក្នុងការវិនិយោគទៅលើសុខាភិបាល។

-សម្ដេចធិបតី ថ្លែង​បញ្ជាក់ដូច្នេះថា៖ «វិស័យសុខាភិបាលស្ថិតនៅក្នុងវិស័យនាំមុខនៃការចំណាយវិនិយោគរបស់យើង នៅឆ្នាំ២០២៣ យើងកើនដល់ប្រមាណជា ២៣០០ប៊ីលានរៀល ស្មើនឹង ៥៧៣លានដុល្លារ ក្នុងការវិនិយោគទៅលើសុខាភិបាល»។

-សម្ដេចធិបតី ថ្លែង​បញ្ជាក់បន្ថែមថា ការចំណាយរបស់រដ្ឋលើវិស័យសុខាភិបាលយ៉ាងច្រើននេះ គឺផ្ដោតទៅលើការពង្រឹង និងធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសុខាភិបាល ទំនើបកម្មឧបករណ៍បរិក្ខារ លើកកម្ពស់គុណភាពថ្នាំ បង្កើនសមិទ្ធផលនៅតាមមូលដ្ឋាន ពង្រឹងក្រមប្រតិបត្តិ ពង្រឹងការកសាងធនធានមនុស្ស និងជំរុញបន្ថែមទៅមូលដ្ឋាន និងលើកទឹកចិត្ត និងផ្ដល់សិទ្ធិឱ្យវិស័យឯកជនក្នុង និងក្រៅប្រទេសចូលរួម។

-សម្ដេចធិបតី ថ្លែង​ថា កិច្ចការទាំងអស់នេះ គឺសំខាន់នៅក្នុងការលើកកម្ពស់ដល់វិស័យសុខាភិបាល ហើយនេះគ្រាន់ជាផ្នែកមួយនៃការវិនិយោគ ក៏ប៉ុន្តែមានការវិនិយោគពាក់ព័ន្ធនឹងការចំណាយលើការគាំពារសង្គមផ្សេងៗទៀត។ សម្ដេចធិបតី ក៏បានអរគុណដល់ដៃគូជាអង្គការ និងប្រទេសជាដៃគូ ដែលបានជួយនៅក្នុងការអភិវឌ្ឍនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជាជាបន្តបន្ទាប់មកនេះ។

-សម្ដេចធិបតី ថ្លែង​បញ្ជាក់ថា រាល់ពេលដែលសម្ដេចទទួលជួបជាមួយភ្ញៀវបរទេស សម្ដេចតែងតែពិភាក្សាលើការជំរុញដល់វិស័យសុខាភិបាល មិនដែលចោលវិស័យសុខាភិបាលឡើយ ពិសេសការពង្រឹងវិស័យសុខាភិបាល ពង្រឹងគុណភាពសុខាភិបាលនៅតាមមូលដ្ឋាន ដែលនេះស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញផងដែរ។

-សម្ដេចធិបតី​ ថ្លែង​ថា​ ដើម្បីកសាងមូលធនមនុស្សឱ្យបានរឹងមាំ កត្តាសុខភាព និងចំណេះដឹង គឺជាកិច្ចការសំខាន់ និងចាំបាច់បំផុតដែលត្រូវ យកចិត្តទុកដាក់ និងត្រូវតែគិតគូមុនគេ។

-សម្ដេចធិបតី ថ្លែង​បញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណ ដែលបន្តពីយុទ្ធសាស្ត្រចតុកោណ ធានធានមនុស្សនៅតែជាគន្លឹះអាទិភាពទី១។ 

-សម្ដេចធិបតី ថ្លែងដូច្នេះយ៉ាងថា៖ «ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀត មូលធនមនុស្ស គឺជាគន្លឹះអាទិភាពសម្រាប់ការសាងប្រទេសរបស់យើង ព្រោះមនុស្សកំណត់ប្រទេស មនុស្សជាដង្ហើម គឺជាអ្នកអនុវត្តប្រតិបត្តិក្នុងការជំរុញសេដ្ឋកិច្ច ថែទាំវប្បធម៌ ថែទាំប្រពៃណី និងអត្តសញ្ញាណជាតិ។ ចឹងដើម្បីកសាងមូលធនមនុស្ស សុខភាព និងចំណេះដឹង ជាកិច្ចការសំខាន់»។

-សម្ដេចធិបតី​ ថ្លែង​ថា គោលដៅក្នុងការកសាងសុខភាព គឺជាការធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានការថែទាំសុខភាពពីសេវាសុខាភិបាលដែលមានគុណភាព តម្លៃសមរម្យ។ សម្ដេចធិបតី លើកឡើងថា គោលដៅ៣ ដែលយើងចង់បាន គឺគុណភាព លទ្ធភាពទទួលបានសេវាសុខាភិបាល និង​តម្លៃសមរម្យ។

-សម្ដេចធិបតី ថ្លែង​ថា នេះគឺជាគោលដៅចាំបាច់ក្នុងការពង្រឹងធនធានមនុស្ស ពង្រឹងមូលធនមនុស្ស ដោយផ្ដោតជាសំខាន់លើសុខភាពជាចម្បង ដោយការកសាងសេវាសុខភាព ដែលមានគុណភាព រុញឱ្យដល់មូលដ្ឋាន ហើយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពនៅក្នុងការទទួលបានដោយមានចីរភាព។ សម្ដេចធិបតី បានបន្ថែមថា ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល រៀបចំឱ្យមានផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាពេលនេះ។ 

ជាមួយគ្នានេះ​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា បច្ចុប្បន្នពលរដ្ឋប្រមាណ ៧លាននាក់ ឬស្មើ ៤១ភាគរនៃពលរដ្ឋសរុប ត្រូវបានគ្រប់ដណ្តប់ដោយប្រព័ន្ធគាំពាំសុខភាពសង្គម ខណៈ​រាជរដ្ឋា​ភិបាល​កម្ពុជាគ្រោងចំណាយថវិកា ២១ ដុល្លារសម្រាប់មូលនិធិសមធម៌សង្គម ដើម្បីគ្រប់ដណ្តប់សុខភាពជាសកលនៅកម្ពុជា។

នាពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥”​​ នៅព្រឹកថ្ងៃទី​២៣ ខែឧសភា ឆ្នាំ ២០២៤នេះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធ មុនីរ័ត្ន បានឱ្យដឹងថា នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានចំណាយថវិកាសម្រាប់មូលនិធិសមធម៌សង្គម សុខាភិបាលសរុប ១៦ លានដុល្លារអាមេរិក ហើយសម្រាប់ឆ្នាំ ២០២៤ ចំណាយនេះត្រូវបានគ្រោង ២១ លានដុល្លារអាមេរិក មាន​​កំណើន ៣១​ ភាគរយ។

លោកបញ្ជាក់ថា ដោយឡែករបបសន្តិសុខសង្គមផ្នែកថែមទាំសុខភាព ដែលបច្ចុប្បន្នមាន បេឡាជាតិ​សន្តិសុខសង្គម កំពុងគ្របដណ្តប់លើពលរដ្ឋគោលដៅ ប្រមាណ ២,១លាននាក់ ឬស្មើ ១២ភាគរយនៃពលរដ្ឋសរុប ដែលក្នុងនោះរួមមាន មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន មានចំនួន ៤៣ ម៉ឺននាក់។

ចំពោះ កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួន ១,៥ លាននាក់ និងបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុង​បន្ទុកសមាជិក ប.ស.ស. ចំនួនជាង ១៦ម៉ឺននាក់ បានចុះបញ្ជីសម្រាប់របប​សង្គមផ្នែកថែ​ទាំងសុខភាពតាមគោលការណ៍ស្ម័គ្រចិត្ត។ លោកបន្តថា«ជារួម បច្ចុប្បន្នពលរដ្ឋប្រមាណ ៧លាននាក់ ឬស្មើ ៤១ភាគរនៃពលរដ្ឋសរុប ត្រូវបានគ្រប់ដណ្តប់​ដោយប្រព័ន្ធគាំពាំសុខភាពសង្គម»។ បន្ថែមលើនេះ ដើម្បី​ពង្រឹងអភិបាល​កិច្ច​ប្រព័ន្ធគាំពារសុខភាពសង្គម រាជរដ្ឋាភិបាលក៏បានកែទម្រង់ស្ថាប័នមួយចំនួនផងដែរ»។

បើតាមលោករដ្ឋមន្រ្តី គិតត្រឹមខែមីនា ឆ្នាំ ២០២៤ មូលនិធិសមធម៌សុខាភិបាលបាន​គ្របដណ្តប់​លើពលរដ្ឋ​គោលដៅប្រមាណ ៤, ៧ លាននាក់ ស្មើ ២៧ភាគរយនៃពលរដ្ឋសរុប ក្នុងនោះរួមមាន ទី១ ពលរដ្ឋមកពីគ្រួសារ​ក្រីក្រ និងងាយរងគ្រោះ ចំនួន ជាង ២, ៧លាននាក់  ក្រុមគោលដៅមួយចំនួន រួមមាន កីឡាករ កីឡាការនី អ្នករត់ម៉ូតូ កង់បី អ្នកធាក់ស៊ីក្លូ​ បុគ្គលិក និងអ្នកជំនាញដោះមីន និងក្រុមកម្មករនិយោជិតក្រៅប្រព័ន្ធ ចំនួន ១០ម៉ឺននាក់។  ចំណែក បុគ្គលិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានជាង​៣៧០០នាក់ និងគ្រួសារងាយរងហានិភ័យជាង១,​៨លាននាក់៕

ដោយ៖ស​ តារា​


ចែករំលែក៖